នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលមានគោរមងារជា “ឧកញ៉ា” ប៉ុន្តែមិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជានៅឡើយទេ។
សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ដូច្នេះស្របពេលដែលមានករណីឃាតកម្ម(បាញ់ជនរងគ្រោះចំនួន២នាក់បានស្លាប់ (ក្នុងនោះស្ត្រីម្នាក់) និងរបួសស្រាល២នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងសេចក្តីប្រកាសព័ត៌មាន សមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ “ឧកញ៉ា” ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ សមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងគោរមវន្តទាំងអស់នៅកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរ នៃគោរមងារឧកញ៉ា នឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះ ផងដែរ ស្របតាម មាត្រា១៩, មាត្រា២២, និង មាត្រា២៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៣៖៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីផ្ទុះអាវុធមួយ នៅបុរី ប៉េងហួត ផ្ទះលេខ២៦ ផ្លូវ P-10 F គម្រោង៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ករណីនេះ បានបណ្ដាលឱ្យជនរងគ្រោះចំនួន២នាក់ បាត់បង់ជីវិត និងរបួសស្រាល ២នាក់ ផ្សេងទៀត។ ក្រោយការស្រាវជ្រាវ ករណីនេះ មានជនសង្ស័យពាក់ព័ន្ធ ចំនួន០៤នាក់ ក្នុងនោះជនដៃដល់ម្នាក់ឈ្មោះ ស្រី ស៊ីណា មានគោរមងារជា«ឧកញ៉ា» និងកំពុងស្ថិតក្រោមនិតីវិធីច្បាប់បន្ត៕