តុលាការថៃ សម្រេចចោទប្រកាន់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ជាផ្លូវការ ជុំវិញបទប្រមាថព្រះមហាក្សត្រ

អន្តរជាតិ

ព្រះរាជអាជ្ញាបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃអង្គារ ទី១៨ ខែមិថុនានេះថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអ្នកនាំពាក្យរបស់ការិយាល័យអគ្គមេធាវី លោក Prayut Phetcharakhun បានបង្ហាញឲ្យដឹងថា លោកថាក់ស៊ីន បានបង្ហាញខ្លួននៅចំពោះមុខព្រះរាជអាជ្ញាសាធារណៈ កាលពីព្រឹកថ្ងៃអង្គារនេះ ហើយត្រូវបានបន្តបញ្ជូនខ្លួនឡើងតុលាការព្រហ្មទណ្ឌ ដើម្បីចាត់ការលើសំណុំរឿងប្រមាថព្រះមហាក្សត្រ។

ទន្ទឹមនឹងនេះ លោក Prayut បន្ថែមឲ្យដឹងទៀតថា តុលាការរបស់ប្រទេសថៃ បានទទួលយកសំណុំរឿងនេះ នៅមុនម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារនេះ ដោយធ្វើឲ្យលោកថាក់ស៊ីន ក្លាយជាចុងចោទជាផ្លូវការ។

ជុំវិញការចោទប្រកាន់ជាផ្លូវការនេះ លោក ថាក់ស៊ីន អាចនឹងប្រឈមមុខនឹងការឃុំខ្លួនបណ្តោះអាសន្ន ប្រសិនបើលោកត្រូវបានបដិសេធមិនឲ្យនៅក្រៅឃុំ ដោយតុលាការព្រហ្មទណ្ឌ ខណ:ក្នុងប្រទេសថៃ អ្នកដែលត្រូវបានរកឃើញថា មានពិរុទ្ធលើបទចោទប្រមាថព្រះមហាក្សត្រ អាចត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគារអតិបរមា ១៥ឆ្នាំ ក្នុងមួយបទល្មើស។

គួរឲ្យដឹងផងដែរថា មហាសេដ្ឋីវ័យ ៧៤ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីប្រមាថព្រះមហាក្សត្រ ក្នុងអំឡុងពេលធ្វើបទសម្ភាសជាមួយកាសែតកូរ៉េខាងត្បូង Chosun Ilbo កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។

ជម្រាបជូនថា បន្ទាប់ពីការនិរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ លោក ថាក់ស៊ីន បានត្រលប់មកកាន់ប្រទេសថៃវិញកាលពីឆ្នាំមុន ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាងប្រាំបីឆ្នាំ ជុំវិញបទល្មើសដាច់ដោយឡែកពីគ្នា ពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភបំពានអំណាច។ ក្រោយមកលោក ត្រូវបានផ្តល់ការលើកលែងទោសពីព្រះមហាក្សត្រ និងត្រូវបានដោះលែងឲ្យនៅក្រៅឃុំ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ នេះ៕