យន្តហោះដឹកនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ខូចពាក់កណ្តាលផ្លូវ អំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន

អន្តរជាតិ

យោងតាមការិយាល័យនាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនាថា យន្តហោះរបស់កងកម្លាំងការពារជាតិប្រទេសនូវែលសេឡង់ ដែលដឹកនាយករដ្ឋមន្ត្រី លោក Christopher Luxon ទៅកាន់ប្រទេសជប៉ុន បានខូចនៅពាក់កណ្តាលផ្លូវ ដែលជាហេតុត្រូវបង្ខំឲ្យនាយករដ្ឋមន្ត្រីរូបនេះ ប្តូរទៅជិះយន្តហោះប្រភេទធម្មតាជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនូវែលហ្សេឡង់បានរាយការណ៍ថាយន្តហោះប្រភេទ Boeing 757 ដែលដឹកនាយករដ្ឋមន្ត្រីនោះបានខូច ក្នុងអំឡុងពេលឈប់ចាក់ប្រេង នៅក្នុងប្រទេស Papua New Guinea ដោយទុកឲ្យគណៈប្រតិភូធុរកិច្ច និងអ្នកកាសែតត្រូវជាប់គាំងនៅ​ប្រលាន​យន្តហោះ Port Moresby ខណៈពេលដែលនាយករដ្ឋមន្ត្រី លោក​ Luxon ត្រូវសម្រេចចិត្តប្តូរទៅជិះយន្តហោះធម្មតាជំនួសវិញ ដើម្បីទៅកាន់ប្រទេសជប៉ុនទាន់ពេលវេលា។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិនូវែលហ្សេឡង់ លោក Judith Collins បានប្រាប់ស្ថានីយវិទ្យុ Newstalk ZB កាលពីថ្ងៃចន្ទថា បញ្ហាហោះហើររបស់យន្តហោះ Boeing 757 នេះតែងកើតឡើងញឹកញាប់ ដោយសារតែវាមានអាយុកាលចាស់ទៅហើយ ខណ:ក្រសួង កំពុងត្រៀមផ្លាស់ប្តូរយន្តហោះប្រភេទថ្មី សម្រាប់ដឹកលោក Luxon និងគណៈប្រតិភូរបំពេញការងារ ចាប់ពីពេលនេះតទៅ។

ជម្រាបជូនផងដែរថា លោក Luxon កំពុងចំណាយពេល ៤ថ្ងៃនៅក្នុងប្រទេសជប៉ុន ដែលជាកន្លែងលោកត្រូវបានគេរំពឹងថានឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក​ Fumio Kishida និងចំណាយពេលផ្សព្វផ្សាយពាណិជ្ជកម្មរបស់នូវែលហ្សេឡង់ ផងដែរ៕