កិច្ចសហប្រតិបត្តិការជំរុញវិនិយោគទ្វេទិសរវាងកម្ពុជានិងសិង្ហបុរី ត្រូវបានពង្រឹងនិងពង្រីកដោយចាប់ផ្តើមពីការដុសខាត់ឱ្យកាន់តែភ្លឺចិញ្ចាចចិញ្ចែងលើវិស័យអាទិភាពដើម្បីផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ខណៈភាគីទាំងពីរបានរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យអាទិភាពមួយចំនួននៅកម្ពុជាផងដែរ។
នេះបើតាមរយៈជំនួនពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក Kow Juan Tiang នាយកប្រតិបត្តិរបស់សហគ្រាសសិង្ហបុរី (Enterprise Singapore – ESG) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសលោក ជា វុទ្ធី អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់សិង្ហបុរី។
នៅក្នុងជំនួបនោះ លោក ជា វុទ្ធី បានបញ្ជាក់ជូនភាគីមិត្តពីលទ្ធភាពធ្វើការរួមគ្នាជាមួយ ESG ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ សំដៅបញ្ជ្រាបការយល់ដឹងពីកាលានុវត្តភាព និងសក្ដានុពលវិនិយោគលើវិស័យអាទិភាពរបស់កម្ពុជា ដែលមានជាអាទិ៍ រួមមាន វិស័យយានយន្ដ និងអេឡិចត្រូនិច, ឡូជីស្ទីក, និងការកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងបម្រើការនាំចេញ រាប់បញ្ចូលទាំងការកែច្នៃកៅស៊ូ ស្វាយចន្ទី និងដំឡូងមី ។ល។
ជាការឆ្លើយតប ភាគីមិត្តបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ ESG ក្នុងការពង្រីកមូលដ្ឋានវិនិយោគរបស់ក្រុមហ៊ុនសិង្ហបុរីលើការដ្ឋានចាស់ក្នុងគោលនយោបាយថ្មី ដែលកម្ពុជាគឺជាផ្នែកមួយសម្រាប់ក្រុមហ៊ុនសិង្ហបុរីដាក់ការផ្តោតដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
ជាមួយគ្នានេះ ភាគីមិត្តក៏បានសង្កត់ធ្ងន់លើការបន្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ សំដៅជំរុញឱ្យក្រុមហ៊ុនរបស់ខ្លួនឱ្យសម្លឹងមើលលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងការកែច្នៃផលិតផលកសិកម្ម, កសិ-ចំណីអាហារ, និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
សូមបញ្ជាក់ថា សហគ្រាសសិង្ហបុរី (Enterprise Singapore – ESG) ជាស្ថាប័នរដ្ឋទទួលបន្ទុកកិច្ចអភិវឌ្ឍន៍សហគ្រាស ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជំរុញវិនិយោគទ្វេទិសរវាងកម្ពុជា និងសិង្ហបុរី៕