កម្ពុជា-សិង្ហបុរី ដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេសកម្ពុជា និងសិង្ហបុរី បានដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) តាមរយៈធនាគារជាតិនៃកម្ពុជា ជាមួយអាជ្ញាធររូបិយវត្ថុសិង្ហបុរី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Lawrence Wong នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុនេះ ក្នុងឱកាសនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសសិង្ហបុរី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FIC) ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុន រវាងគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោង ដើម្បីមានលទ្ធភាពប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូចនិងមធ្យម នៅប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពងាយស្រួល ក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន និងបង្កើនល្បឿនក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់ សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។

គម្រោងថ្នាល FTC ត្រូវបានអភិវឌ្ឍឡើង និងគ្រប់គ្រងដោយក្រុមហ៊ុន Proxtera Pte Ltd “។

សូមជម្រាបជូនដែរថា ក្រៅពីបានដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) កម្ពុជា និងសិង្ហបុរី ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថលផងដែរ៕