វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី សម្រេចចុះអនុស្សរណៈយោគយល់គ្នាលើឯកសារធំៗចំនួន ៣

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីសិង្ហបុរី ក៏បានផ្តល់កិត្តិយស ជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកសារចំនួន ៣ ដែលបានចុះអនុស្សរណៈយោគយល់គ្នាតាមរយៈវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី  រួមមាន៖

១. អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី

២. ការចុះហត្ថលេខាសាក្សីភាពស្តីពី “ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី”។

៣. អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី និងក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. របស់កម្ពុជា។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ បាន និងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និង វិនិយោគិន សិង្ហបុរី ។

គួរបញ្ជាក់ដែរថា វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី មានវិនិយោគចូលរួមសរុបចំនួន ៤៨១នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ៣៤៨ ក្រុមហ៊ុន ។

តាមរយៈការរៀបចំវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នាពេលនេះដែរ គឺបង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ ជាមួយនឹងកម្លាំង ពលកម្មយុវជន ដែលមានអត្រាប្រមាណ ៦៥% នៃប្រជាជនសរុប ដោយពោរពេញដោយសក្តានុពល និងចំណេះដឹង។ បន្ថែមពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ ក៏ជាសក្តានុពលបន្ថែម សម្រាប់កម្ពុជា ក្នុងការទាក់ទាញដល់វិនិយោគិន ធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់ចំណូលកសាងសេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ រង្សី