នៅថ្ងៃទី១៩ ខែមិថុនា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើការសន្យាគាំទ្រយ៉ាងពេញទំហឹង ចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញពីគោលបំណងពង្រីកសេដ្ឋកិច្ច និងយោធារវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងជាងមុន។
តាមរយៈទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយថា លោក ពូទីន បានសំដែងការអរគុណចំពោះលោក គីម ដែលបានគាំទ្រសង្គ្រាមនៅអ៊ុយក្រែនកន្លងមក។ លើសពីនោះ លោកបានលើកឡើងទៀតថា ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញភាពជាដៃគូរវាងប្រទេសទាំងពីរ ព្រមទាំងប្រយុទ្ធប្រឆាំងគោលនយោបាយអនុត្តរភាពចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិក និងផ្កាយរណបប្រឆាំងសហព័ន្ធរុស្ស៊ី។
ដំណើរទស្សនកិច្ចរបស់លោក ពូទីន សារនេះគឺកើតមានឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំង ចំពោះការសង្ស័យថាកូរ៉េខាងជើងកំពុងរៀបចំសព្វាវុធផ្តល់ទៅឲ្យរុស្ស៊ី ដើម្បីបញ្ឆេះសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនឲ្យឆាបឆេះកាន់តែខ្លាំង ដើម្បីជាថ្នូរនឹងជំនួយសេដ្ឋកិច្ច និងការផ្ទេរបច្ចេកវិទ្យាកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលទៅឲ្យកូរ៉េខាងជើង។
គួរឲ្យដឹងថា កូរ៉េខាងជើងគឺជាប្រទេសមួយ ដែលកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល ខណៈដែលប្រទេសរុស្ស៊ីដូចគ្នា ក៏កំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចជុំវិញការឈ្លានពាននៅលើដែនដីអ៊ុយក្រែន៕