ប្រទេសកម្ពុជា និងសិង្ហបុរី បានរួមគ្នាជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់បន្ថែមទៀត។នេះបើតាមរយៈជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Lawrence Wong នាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួម ជាមួយនឹងការគាំទ្រ និងចែករំលែកនូវបទពិសោធន៍លើវិស័យសំខាន់ៗជាច្រើន។ក្នុងនោះ ភាគីទាំងពីរក៏បានបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលរួមការកសាងនូវមូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់បន្ថែមទៀតកម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសផ្សេងទៀត មកទស្សនាប្រទេសទាំងពីរ។
សូមជម្រាបផងដែរថា កាលពីខែមីនាកន្លងទៅ សម្តេចធិបតី បានបញ្ជាក់ទៅកាន់នាយករដ្ឋមន្រ្តីសិង្ហបុរីថា ប្រទេសទាំងពីរគួរបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត តាមរយ:កាបង្កើតផលិតផលទេសចរណ៍ឱ្យកាន់តែមានភាពសម្បូរបែប និងទាក់ទាញ បង្កនូវភាពងាយស្រួល និងពង្រីកជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ និងលើកកម្ពស់នូវទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីស្វែងរកសក្តានុពលថ្មីៗនៃវិស័យទេសចរណ៍ ប្រទេសទាំងពីរ ។
សូមបញ្ជាក់ថា យោងតាមតួលេខរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសរួមគ្នា ក្នុងរយៈពេល៥ ខែដំបូងក្នុងឆ្នាំនេះ មានចំនួន ២,៥ លាននាក់ កើនឡើង២២ភាគរយ ពីចំនួន ២,១ លាននាក់ បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ធ្លាប់បានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨។
លោកគូសបញ្ជាក់ទៀតថា សកម្មភាពការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានស្ដារឡើងវិញបន្តិចម្តងៗ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ និងកំពុងបោះជំហានទៅមុខគួរជាទីមោទនៈផងដែរ៕