នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃអង្គារ ទី១៨ ខែមិថុនាកន្លងទៅ បានប្រាប់ទៅកាន់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva អំពីគោលបំណងធំរបស់ប្រទេសម៉ាឡេស៊ី ក្នុងការចូលរួមជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង BRICS នាពេលអនាគត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
លោក Anwar បានបន្ថែមទៀតថា ម៉ាឡេស៊ី នឹងឆ្លងកាត់ដំណើរការផ្សេងៗ ដើម្បីអាចឲ្យប្រទេសរបស់ខ្លួនមានសិទ្ធិគ្រប់គ្រាន់ ក្នុងការចូលរួមនៅក្នុងប្លុកប្រទេស BRICS ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ជាអ្នកផ្ដួចផ្ដើមបង្កើតឡើង។
ទន្ទឹមនឹងនេះ លោក Anwar បានប្រាប់ទៅកាន់សារព័ត៌មានមួយថា ប្រទេសម៉ាឡេស៊ី បានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីប្រេស៊ីល លើការបន្តចូលជាសមាជិករបស់ក្រុម BRICS ហើយក៏កំពុងរង់ចាំការឆ្លើយតបលើសំណើនេះ ពីសំណាក់រដ្ឋាភិបាលនៃប្រទេសអាហ្វ្រិកខាងត្បូង ផងដែរ។
គួរឲ្យដឹងផងដែរថា ម៉ាឡេស៊ី មិនមែនជាប្រទេសក្នុងតំបន់អាស៊ានតែមួយនោះទេ ដែលបានបង្ហាញពីចេតនាក្នុងការចូលរួមជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចធំៗនេះ ដោយកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ រដ្ឋាភិបាលថៃ ក៏បានបង្ហាញពីផែនការសម្រាប់ការដាក់ពាក្យស្នើសុំចូលជាសមាជិកនៃក្រុមប្រទេស BRICS ផងដែរ។
ជម្រាបជូនថា BRICS ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៩ ដែលត្រូវបានគេស្គាល់ថាជាវេទិកាកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំង រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដោយប្រទេសអាហ្វ្រិកខាងត្បូងបានចូលរួមជាមួយក្រុមនេះនៅក្នុងឆ្នាំ២០១០ ខណ:អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម បានចូលរួមជាសមាជិកថ្មីបន្ថែមទៀត នៅក្នុងខែមករា ឆ្នាំ២០២៤៕