គណៈប្រតិភូក្រុមហ៊ុន CID logistics Co., Ltd និងក្រុមហ៊ុន Shanghai Shunkai International Freight &Forwarding Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា បានបង្ហាញពីបំណងរបស់ខ្លួនថា ចង់វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់នៅកម្ពុជា ដើម្បីបង្កើនសេដ្ឋកិច្ច។
ការលើកឡើងពីបណ្តារក្រុមហ៊ុនទាំងពីរខាងលើនេះ ត្រូវបានធ្វើឡើងកាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមួយ លោកឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នាឱកាសនោះ លោកឡោ ទិត្យច័ន្ទសុភក្តិ បានស្វាគមន៍គណៈប្រតិភូក្រុមហ៊ុនទាំងពីរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបំពេញទស្សនកិច្ចដោយផ្ទាល់មកកាន់កម្ពុជា និងបានសម្តែងនូវការចាប់អារម្មណ៍ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ទន្ទឹមនេះ លោកក៏បានឆ្លៀតគូសបញ្ជាក់ជូនគណៈប្រតិភូក្រុមហ៊ុនទាំងពីរអំពីរបបនៃការលើកទឹកចិត្តប្រកបដោយភាពអំណោយផល និងអនុគ្រោះបំផុតរបស់រដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ចំពោះសកម្មភាពវិនិយោគ និងវិស័យដែលមានសក្តានុពលសំខាន់ៗ ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាការឆ្លើយតប គណៈប្រតិភូក្រុមហ៊ុន CID logistics Co., Ltd និងក្រុមហ៊ុន Shanghai Shunkai International Freight &Forwarding Co., Ltd បានជំរាបជូនឯកឧត្តមទីប្រឹក្សាអំពីគោលបំណងដ៏សំខាន់នៃដំណើរទស្សនៈកិច្ចនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតក្រុមហ៊ុនផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
លើសពីនេះ តំណាងក្រុមហ៊ុន ក៏បានអះអាងថា ការចង់វិនិយោគនេះ ក៏ដើម្បីជាការទាក់ទាញវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ដែលមានសក្តានុពលសំខាន់ និងបញ្ជាក់យ៉ាងច្បាស់ថា នឹងមកបន្ដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាការធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន នាពេលអនាគតផងដែរ។
សូមរម្លឹកដែរថា នៅក្នុងមួយខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។
ក្នុងខែឧសភា ឆ្នាំ២០២៤ នេះដែរ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី ១ ដោយបានរួមចំណែកជិត ៥០% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់ប្រមាណជិត ៣១% នៃទុនវិនិយោគសរុប។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤៕ អត្ថបទ៖ រង្សី