សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញពលរដ្ឋកម្ពុជា ត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យបានគង់វង្ស ឋិតថេរ ទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយ។
សម្តេចធិបតីថ្លែងដូច្នេះ នៅក្នុងឱកាសចូលរួមខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 កាលព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រយៈពេល៤៧ ឆ្នាំនៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ដែលសម្តេចតេជោ ហ៊ុន សែន កាលនៅជាយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបដ៏សែនឃោរឃៅប្រល័យពូជសាសន៍ ប៉ុល ពត ។
សម្តេចធិបតី បន្តថា ទោះបីរយៈពេល ៤៧ឆ្នាំកន្លងទៅ ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៅកម្ពុជា ពោលគឺថ្ងៃទី២០ ខែមិថុនា បានកំណត់ជាទិវានៃដំណើរឆ្ពោះទៅកាន់ការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាជនកម្ពុជាគ្រប់ៗរូប តែងតែចងចាំជានិច្ច តាមរយៈការចេញនូវ «នយោបាយឈ្នះ ឈ្នះ» ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង។
ជាថ្មីម្តងទៀត សម្តេចធិបតី បានសង្កត់ធ្ងន់ថា នយោបាយឈ្នះ ឈ្នះ នៅតែដើរតួនាទីយ៉ាងសំខាន់នៃការផ្ដល់ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល ដែលតែងតែផ្ដល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់ប្រជាជន តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដែលធានានូវការបែងចែកផលសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋគ្រប់រូប។ហេតុនេះ សូមឱ្យពលរដ្ឋកម្ពុជាទាំងអស់ ត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យបានគង់វង្ស ឋិតថេរ ទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយ៕ អត្ថបទ៖ រង្សី