មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា នឹងរៀបចំកម្មវិធីជួបជុំបងប្អូនជនពិការកំបុតដៃទាំង២ទូទាំងប្រទេសនៅសណ្ឋាគារ សាន់ & មូន រីវើសាយ

ជុំវិញ​ឧកញ៉ា

មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា នឹងរៀបចំកម្មវិធីជួបជុំបងប្អូនជនពិការកំបុតដៃទាំង២ ទូទាំងប្រទេសកម្ពុជា លើកទី១៣ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ជាប់ស្ពានអាកាសក្បាលថ្នល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន SUN & MOON GROUP និងជាម្ចាស់សណ្ឋាគារ Sun & Moon, Riverside Hotel បានជូនដំណឹងនៅលើទំព័រហ្វេសប៊ុកថា៖ «ខ្ញុំបាទ និងភរិយា សូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយ “មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា” ព្រមទាំងសប្បុរសជននានា ដើម្បីជួយទ្រងទ្រង់ជនពិការកំបុតដៃទាំងពីរ មេត្តាជ្រាបថា មូលនិធិ នឹងរៀបចំកម្មវិធីជួបជុំបងប្អូនជនពិការកំបុតដៃទាំង២ នៅទូទាំងប្រទេស ឆ្នាំ២០២៤ នាថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ជាប់ស្ពានអាកាសក្បាលថ្នល់»។

អ្នកឧកញ៉ាបណ្ឌិត បញ្ជាក់បន្ថែមថា នេះចាត់ទុកជាសេចក្តីជូនដំណឹងដល់ជនពិការកំបុតដៃទាំង២ទាំងអស់ ដើម្បីអញ្ជើញចូលរួមតាមកាលបរិច្ឆេទ និងពេលវេលាខាងលើ។ ហើយក្នុងនាមម្ចាស់មូលនិធិ អ្នកឧកញ៉ា ក៏សូមគោរពថ្លែងអំណរគុណទុកជាមុន ជូនចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់មូលនិធិជាបន្តបន្ទាប់។ 

សូមជម្រាបជូនថា មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា តែងតែខិតខំកៀរគរថវិកាពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ដើម្បីជួយទ្រងទ្រង់ និងជួយសម្រាលបន្ទុកដល់ជនពិការកំបុតដៃទាំង២ទូទាំងប្រទេសកម្ពុជា។ កន្លងមក ក្រោមគំនិតផ្ដួចផ្ដើមរបស់ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា មូលនិធិ បានជួយឧបត្ថម្ភជាថវិកា និងសម្ភារៈផ្សេងៗ ដល់ជនពិការកំបុតដៃទាំង២ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើជាដើមទុនបង្កើតមុខរបរ ផ្គត់ផ្គង់ការរៀនសូត្រ ពង្រីកចំណេះជំនាញវិជ្ជាជីវៈ សម្រាប់អនាគតពួកគាត់ជាដើម។

គួររំឭកដែរថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា ក៏ទើបតែបានជួបជុំបងប្អូនជនពិការកំបុតដៃទាំង២ ទូទាំងប្រទេសកម្ពុជាលើកទី១២ សរុបចំនួន ១៤៩នាក់ ដោយបានជួយឧបត្ថម្ភ ពីថវិកា ក្នុងម្នាក់ ចំនួន ១លានរៀល អាវយឺត១ និងរៀបចំអាហារថ្ងៃត្រង់យ៉ាងយកចិត្តទុកដាក់ ព្រមទាំង រៀបចំពិធីសាសនា រាប់បាត្រ និងនិមន្តព្រះសង្ឃ ១០៨ អង្គ សូត្រមន្តចម្រើនព្រះបរិត្ត អាយុវឌ្ឍនមង្គល ផងដែរ។

អាស្រ័យហេតុនេះ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជនមានបំណងចង់ចូលរួមឧបត្ថម្ភ សូមមេត្តាទាក់ទងតាមប្រព័ន្ធទូរសព្ទដូចខាងក្រោម៖

– 012 699 999 – 095 959 697 

– គណនីធនាគារ ABA 011266828 ឈ្មោះ Lak Chendarith