ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Fisker បានដាក់ពាក្យប្រកាសសុំក្ស័យធន បន្ទាប់ពីបានជួបប្រទះជាមួយនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ជុំវិញការប៉ុនប៉ងបង្កើនការផលិតរថយន្តអគ្គិសនីម៉ូដែល Ocean SUV ដំបូងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ទីផ្សាររថយន្ត EV ហាក់កំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំង ដោយបានឃើញក្រុមហ៊ុនផលិតរថយន្តអាមេរិកជាច្រើន រួមទាំង Proterra, Lordstown និង Electric Last Mile Solutions ដាក់ពាក្យក្ស័យធន ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ខណ:ពួកគេបានប្រឈមមុខជាមួយនឹងការដោះស្រាយជាមួយនឹងការធ្លាក់ចុះនៃតម្រូវការ ការរៃអង្គាសប្រាក់ និងបញ្ហាប្រឈមជាច្រើនទៀតទាក់ទងនឹងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សកល។
គួរឲ្យដឹងថា ក្រុមហ៊ុន Fisker ដែលត្រូវបានបង្កើតឡើងដោយអ្នករចនារថយន្តដ៏ល្បីល្បាញ លោក Henrik Fisker បានបង្ហាញពីភាពស្រពិចស្រពិលចំពោះសមត្ថភាព ក្នុងការបន្តអាជីវកម្មរបស់ខ្លួន ចាប់តាំងពីខែមីនាមក បន្ទាប់ពីបរាជ័យក្នុងការទទួលបានការវិនិយោគថ្មីពីក្រុមហ៊ុនផលិតរថយន្តធំណាមួយនោះឡើយ ដែលជាហេតុបង្ខំឲ្យក្រុមហ៊ុនកាន់តែពិបាកក្នុងការបន្តធ្វើប្រតិបត្តិការ។
ទន្ទឹមនឹងនេះ លោក Fisker បាននិយាយថា ៖”ដូចទៅនឹងក្រុមហ៊ុនផ្សេងទៀត នៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី យើងបានប្រឈមមុខនឹងទីផ្សារ និងម៉ាក្រូសេដ្ឋកិច្ចជាច្រើន ដែលជះឥទ្ធិពលដល់សមត្ថភាពរបស់យើង ក្នុងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព”។
ជម្រាបជូនផងដែរថា នៅមុនការដាក់ពាក្យប្រកាសក្ស័យធននេះ ក្រុមហ៊ុន Fisker Group Inc ត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសកម្មចន្លោះពី ៥០០លានដុល្លារទៅ ១ពាន់លានដុល្លារ និងបំណុលមានចំនួនចន្លោះពី ១០០លានដុល្លារ ទៅ ៥០០លានដុល្លារ៕