ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបញ្ចប់គោរមងារ «ឧកញ៉ា»ពីឧកញ៉ា ស្រី ស៊ីណា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៦៧៩ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ ការសម្រេចបញ្ចប់គោរមងារឧកញ៉ានេះ ធ្វើឡើងតាមការស្នើសុំដោយផ្ទាល់ពី សមាគមឧកញ៉ាកម្ពុជា ទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហត្តលេខាជាស្ថាបពរ។
ការសម្រេចដកគោរមងារឧកញ៉ា ពីលោក ស្រី ស៊ីណា ធ្វើឡើងក្រោយពីឧកញ៉ារូបនេះ បានប្រព្រឹត្ដអំពើរឃាតកម្មទៅលើគូដណ្ដឹង២រូប នៅបុរីមួយក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៣៖៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីផ្ទុះអាវុធមួយ នៅបុរី ប៉េងហួត ផ្ទះលេខ២៦ ផ្លូវ P-10 F គម្រោង៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ករណីនេះ បានបណ្ដាលឱ្យជនរងគ្រោះចំនួន២នាក់ បាត់បង់ជីវិត និងរបួសស្រាល ២នាក់ ផ្សេងទៀត។ ក្រោយការស្រាវជ្រាវ ករណីនេះ មានជនសង្ស័យពាក់ព័ន្ធ ចំនួន០៤នាក់ ក្នុងនោះជនដៃដល់ម្នាក់ឈ្មោះ ស្រី ស៊ីណា មានគោរមងារជា«ឧកញ៉ា» និងកំពុងស្ថិតក្រោមនិតីវិធីច្បាប់បន្ត៕