អ្នកឧកញ៉ា លាង ម៉េង និងភរិយា រួមទាំងថ្នាក់ដឹកនាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នេះ បានត្រលប់មកជួបនិស្សិត សិក្ខាកាម សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំ បណ្ឌិត្យសភានគរបាលកម្ពុជា តាមការសន្យា ដោយនាំយកថវិកាឧបត្ថម្ភចំនួន ៦ម៉ឺនដុល្លារ បង់អង្គុយចំនួន ១០០បង់ និងភេសជ្ជៈសរុប ៧៥០កេស បន្ថែមទៀត លើការជួយឧបត្ថម្ភលើកទី១ កាលពីអំឡុង មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងទៅ។
ជារួម គិតជាទឹកប្រាក់សរុប លើការជួយឧបត្ថម្ភធំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង ក្នុងការជួយសម្រាលបន្ទុកនៃការរៀបចំ និងការស្ថាបនាផ្សេងៗ ក៏ដូចជាបម្រើប្រយោជន៍រួម លើកស្ទួយដល់ការបណ្ដុះបណ្ដាល និងលើកកម្ពស់សោភ័ណ្ឌភាពជូនស្ថាប័នបណ្ដុះបណ្ដាល កងកម្លាំង និងបញ្ញាវ័ន្តអ្នកបន្តវេនថ្នាក់ជាតិ ជាពិសេសត្រៀមសម្រាប់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ នៃបណ្ឌិត្យសភានគរបាលជាតិនាពេលឆាប់ៗខាងមុខ និងកម្មវិធីផ្សេងៗជាបន្តបន្ទាប់ សរុបទាំង ២លើក គិតជាទឹកប្រាក់ជាង ១២មុឺនដុល្លារ។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ “ដោយសារតែសង្កេតឃើញ ពីតម្រូវការ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៃ បណ្ឌិត្យសភានគរបាលជាតិ គឺជាអាទិភាពមួយ ដែលពិតជាត្រូវការ ការរួមចំណែកជួយជ្រោមជ្រែងពីវិស័យឯកជន ដើម្បីលើកកម្ពស់គុណវឌ្ឍន៍ស្ថាប័នជាតិ ទើបអ្នកឧកញ៉ា និងថ្នាក់ដឹកនាំកំពូល ខ្មែរ ប៊ែវើរីជីស សម្រេចជួយឧបត្ថម្ភគាំទ្រ ជាថវិកា បង់អង្គុយ និងភេសជ្ជៈ ជាបន្តបន្ទាប់ជូនបណ្ឌិត្យសភានគរបាលជាតិ។”
តាមរយៈការឧបត្ថម្ភរបស់ ខ្មែរ ប៊ែវើរីជីស ពិតជាបានរួមចូលរួមចំណែកលើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្ស និងផ្ដល់ភាពងាយស្រួលដល់និស្សិត និងសិក្ខាកាម ដែលកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជាទាំងមូល ដែលនិស្សិតទាំងអស់សុទ្ធសឹងតែជាធនធានបម្រើដល់ប្រយោជន៍ជាតិ មាតុភូមិ ការពារសុខសុវត្ថិភាព និងសន្តិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។
ក្នុងនាមសហគ្រិនខ្មែរ ដែលតែងតែប្ដេជ្ញាកសាងម៉ាកយីហោផលិតផលខ្មែរ “MADE IN CAMBODIA” គុណភាពកម្រិតអន្តរជាតិ របស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឱ្យលេចមុខមាត់ដូចបណ្ដាប្រទេសផ្សេងៗ ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានឧបត្ថម្ភដល់បណ្ឌិត្យសភានគរបាលកម្ពុជា។
តាមរយៈការជួយឧបត្ថម្ភគាំទ្រយ៉ាងយកចិត្តទុកដាក់ពីសហគ្រិនខ្មែរ ដល់ស្ថាប័នជាតិ ថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស និងឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ជឿជាក់ថា និស្សិត សិក្ខាកាម ដែលកំពុងសិក្សា និងប្អូនៗជំនាន់ក្រោយ ដែលកំពុងសិក្សាចំណេះជំនាញវិជ្ជាជីវនៅ បណ្ឌិត្យសភានគរបាលកម្ពុជា នឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយជាអ្នកបន្តវេនយ៉ាងពិតប្រាកដ សម្រាប់សង្គមជាតិយើង៕