យោងតាមក្រសួងពាណិជ្ជកម្មម៉ាឡេស៊ី បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនាកន្លងទៅថា ក្រុមហ៊ុនរបស់ប្រទេសចិន និងម៉ាឡេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ១៣,២ពាន់លានរីងហ្គីត (២,៨ពាន់លានដុល្លារ) សម្រាប់ការវិនិយោគដ៏មានសក្តានុពលជាច្រើន រាប់ចាប់ពីប្រេង និងឧស្ម័ន រហូតដល់ការអប់រំ។
តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា កិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងដំណើរទស្សនកិច្ចរយ:ពេលបីថ្ងៃរបស់នាយករដ្ឋមន្ត្រីចិន លោក Li Qiang មកកាន់ប្រទេសម៉ាឡេស៊ី ដើម្បីប្រារព្ធខួបទំនាក់ទំនងការទូតរយ:ពេល ៥០ឆ្នាំនៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មម៉ាឡេស៊ី បាននិយាយថា ការចុះហត្ថលេខាដែលមាននាយករដ្ឋមន្ត្រីចិន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim បានចូលរួមធ្វើជាសាក្សីនោះ រួមមានអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Genting Oil & Gas របស់ម៉ាឡេស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ PT Layar Nusantara ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាក្រុមហ៊ុន Wison Energies របស់ប្រទេសចិន ដើម្បីសហការគ្នាសាងសង់រោងចក្រឧស្ម័នថ្មីមួយបន្ថែមទៀត ក្នុងប្រទេសឥណ្ឌូណេស៊ី។
ជម្រាបជូនផងដែរថា នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Genting Sanyen Malaysia SB និង SDIC Power Holdings របស់ចិន ក៏នឹងធ្វើការអភិវឌ្ឍ និងដំណើរការរោងចក្រថាមពលរួមគ្នាមួយដែលមានកម្លាំង ១ ៦៨៥ មេហ្គាវ៉ាត់ នៅទីក្រុង Zhousan ប្រទេសចិនផងដែរ៕