រដ្ឋាភិបាលរបស់ប្រទេសថៃ កំពុងព្យាយាមពន្លឿនផែនការរបស់ខ្លួន ក្នុងការក្លាយជាសមាជិកនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង BRICS នាដើមខែតុលាខាងមុខ នៅពេលដែលកិច្ចប្រជុំកំពូលបន្ទាប់របស់ប្លុកនេះ ត្រូវធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ី។ នេះបើតាមការលើកឡើងរបស់លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ។
លោក Nikorndej បាននិយាយទៀតថា ប្រទេសរបស់លោក បានដាក់លិខិតជាផ្លូវការមួយរួចរាល់ហើយ ដើម្បីស្នើសុំធ្វើជាសមាជិក ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ក្រុម BRICS កាលពីមួយសប្តាហ៍មុន ហើយសង្ឃឹមថានឹងទទួលបានមតិកែលម្អជាវិជ្ជមាន។
អ្នកនាំពាក្យរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ការចូលរួមជាមួយក្រុម BRICS នឹងអនុញ្ញាតឲ្យប្រទេសថៃ បង្កើនប្រសិទ្ធភាពបន្ថែមទៀតក្នុងការជំរុញកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយបណ្តាប្រទេសរីកចម្រើនលើពិភពលោក ក៏ដូចជាដើរតួនាទីសកម្មជាងមុន និងរួមចំណែកក្នុងការបង្កើតស្ថាបត្យកម្មពិភពលោក ផងដែរ។
BRICS គឺជាកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ដែលដំបូងឡើយមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងជាសមាជិក។ នៅក្នុងខែមករា ឆ្នាំ២០២៤ ក្រុមនេះបានពង្រីកសមាជិកភាពរបស់ខ្លួនបន្ថែមទៀត ដោយរួមបញ្ចូលអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អារ៉ាប់រួម អ៊ីរ៉ង់ និងអេត្យូពី ផងដែរ។
ជម្រាបជូនផងដែរថា ប្រទេសថៃក៏កំពុងសម្លឹងរកមើលឱកាសក្នុងការចូលរួមជាមួយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច ហៅកាត់ OECD ផងដែរ បន្ទាប់ពីត្រូវបានអញ្ជើញដោយក្រុមដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះ ដើម្បីបើកការពិភាក្សាក្នុងការចូលរួមជាសមាជិក៕