លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ៧៣រូប ប្រគល់ថវិកាជាង ១,៥លានដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជារួមមានថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកចំនួន ៧៣រូប នាំយកថវិកា ជាង ១,៥លានដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មាន សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាបានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជារួមមានថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកចំនួន ៧៣រូបដែលជាសប្បុរសជនបានបរិច្ចាគថវិកាក្នុងឱកាសខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ដើម្បីចូលរួមក្នុងកម្មវិធីចូលជួបសម្តែងការគួរសម ប្រគល់ថវិកា និងពិធីសំណេះសំណាល ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

នៅក្នុងឱកាសនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានជម្រាបជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំពីសកម្មភាពការងារនិងសមិទ្ធផល ដែលសមាគមឧកញ៉ាកម្ពុជាសម្រេចបាននាពេលកន្លងមកទាំងនៅក្នុងសកម្មភាពធុរកិច្ចក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិដោយបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរជាង ៣០ម៉ឺនកន្លែង ព្រមទាំងសកម្មភាពសប្បុរសធម៌ជាមួយរាជរដ្ឋា ភិបាលកម្ពុជា និងស្ថាប័នមនុស្សធម៌នានាផងដែរ។

ជាក់ស្តែងនៅថ្ងៃនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជាបាននាំយកនូវថវិកាចំនួន ១.៥៥៥.៥៥៥ ដុល្លារ ប្រគល់ជូន សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលជាថវិកាបានពីការចូលរួមបរិច្ចាគរបស់សមាជិកចំនួន១០០រូបក្នុងឱកាសខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឆ្នាំ២០២៤។

សូមជម្រាបជូនថា កាកបាទក្រហមកម្ពុជា គឺជាសេនាធិការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាលើសកម្មភាពមនុស្សធម៌ និងសង្គមកិច្ច ដែលបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះនានា ដូចជាគ្រោះ ធម្មជាតិ បញ្ហាសុខភាព ចរាចរណ៍ កង្វះចំណីអាហារ លំនៅឋាន ជាដើម៕