សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ ភាពជោគជ័យរបស់កាកបាទក្រហមកម្ពុជា មិនអាចខ្វះបាននូវការចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​មាន​ប្រសាសន៍​ថា​ភាពជោគជ័យ​របស់​កាកបាទក្រហមកម្ពុជា មក​ទល់​បច្ចុប្បន្ន​នេះ​គឺ​មិនអាច​​ខ្វះ​បាន​នូវ​ការ​ចូលរួម​ពី លោក​អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា យ៉ាងសកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​សមាគមឧកញ៉ាកម្ពុជា ចំនួន​៧៣រូប ដែលដឹកនាំ​ដោយ​ លោក​អ្នកឧកញ៉ា លី យ៉ុងផាត់ ​​កាលពី​ព្រឹក​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​​បាន​លើកឡើង​ថា គិតចាប់ពី​ឆ្នាំ១៩៩៩ រហូត​មក​ដល់​បច្ចុប្បន្ន កាកបាទក្រហមកម្ពុជា​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​មក​នេះ គឺ​មិនអាច​ខ្វះបាន​នូវការចូលរួម​ពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា យ៉ាងសកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌ ដោយ​បាន​បរិច្ចាគ​នូវ​ធនធាន​និង​សម្ភារៈ​ជា​ច្រើន ដើម្បី​ទុក​លទ្ធភាព​ដល់​កាកបាទក្រហម​កម្ពុជា​បំពេញ​តួនាទី​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ខ្វះខាត​ជាក់ស្តែង និង​តម្រូវ​ការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​រងគ្រោះ។

ទន្ទឹមនឹង​នេះ​ សម្តេចក៏បាន​មាន​ប្រសាសន៍​គាំទ្រ​យ៉ាង​ពេញ​ទំហំ​ចំពោះ​ការ​បង្កើត​សមាគម​ឧកញ៉ាកម្ពុជា ដែល​មាន​​ចក្ខុវិស័យ​ បេសកកម្ម និង​រចនាសម្ព័ន្ធ​ដឹកនាំ​ច្បាស់លាស់​ដោយ​មាន សម្តេចតេជោ ហ៊ុន សែន ជាប្រធាន​កិត្តិយស និង​កំពុង​តែ​មាន​ភាព​រីក​ចម្រើន​ជា​លំដាប់ ព្រម​ទាំង​មាន​ការ​ទទួលស្គាល់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​នានា និង​ថ្នាក់ដឹកនាំ​កំពូលៗ​ជា​ច្រើន។ ជាពិសេស​តាម​រយៈព្រះរាជក្រឹត្យ​ស្តីពីគោរមងារ​ឧកញ៉ា ហើយ​បាន​និង​កំពុង​បំពេញ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ដើម្បី​រួម​ចំណែក​ជំរុញ​ឱ្យ​ព្រះរាជាណាចក្រកម្ពុជា កាន់​តែ​រីក​ចម្រើន​ជឿនលឿន។

សូមជម្រាបជូន​ថា ក្នុង​ពិធី​ជួប​សំណេះសំណាល​នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងប្រតិភូសមាគម​ឧកញ៉ាកម្ពុជា​ចំនួន​៧៣រូប បាន​នាំយកថវិកា ចំនួន ១.៥៥៥.៥៥៥ ដុល្លារ ប្រគល់ជូន សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលជាថវិកាបានពីការចូលរួមបរិច្ចាគរបស់សមាជិកចំនួន១០០រូប ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឆ្នាំ២០២៤ ខណៈដែល​ឆ្នាំ២០២៣កន្លងមក លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងប្រតិភូសមាគម​ឧកញ៉ាកម្ពុជា ក៏​បាន​ប្រគល់​ថវិកា​ចំនួន ១.៣៤៣.០០០ដុល្លារ ក្នុង​ឱកាស​ខួប​ទី១៦០ ទិវា​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​ផងដែរ៕