អ្នកឧកញ៉ាបណ្ឌិត ជា រតនា៖ ទោះបីជា មានមតិចម្រូងចម្រាសពាក់ព័ន្ធគោរមងារ «ឧកញ៉ា» ប៉ុន្ដែ មាស មិនដែលក្លាយជាកាឡៃនោះទេ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន SUN & MOON GROUP និងជាម្ចាស់ សណ្ឋាគារ សាន់ & មូន រីវើសាយ យល់ឃើញថា បើទោះបីជាមាន​ការជជែកវែកញែក និងមានការមិនពេញចិត្ដ នឹងគោរមងារ “ឧញ៉ា” ដោយបុគ្គល ដែលមានងារជាឧកញ៉ាមួយចំនួន បាន​ប្រព្រឹត្ដិទង្វើមិនល្អ ប៉ះពាល់ដល់ អ្នកដែលមានងារជាឧកញ៉ាផ្សេងទៀតក៏ដោយ ប៉ុន្ដែសម្រាប់ អ្នកឧកញ៉ាផ្ទាល់ គឺមិនមានការអាក់អន់ចិត្ដនោះទេ ព្រោះថា “មាស មិនដែលក្លាយជាកាឡៃ នោះទេ!” ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងកម្មវិធីជួបជុំ និងជូនប្រាក់ឧបត្ថម្ភដល់បងប្អូនជនពិការកំបុតដៃទាំងពីរ ទូទាំង​ប្រទេស ប្រចាំឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ អ្នកឧកញ៉ាបណ្ឌិត ជា រតនា លើកឡើងថា៖ “ជាការពិត មាសមិនដែលក្លាយជាកាឡៃនោះទេ ហើយកាឡៃក៏មិនអាចក្លាយទៅជាមាសបានដែរ ហើយ​សកម្មភាព​ទាំងអស់ក៏មិនអាចប៉ះពាល់ទៅលើគោរមងារបានដែរ” ។

អ្នកឧកញ៉ាបណ្ឌិត ពន្យល់ថា៖ “គោរមងារផ្សេង បុគ្គលផ្សេង អត់ដែលមានគោរមងារណាទៅប្រព្រឹត្ដិរឿងមិនល្អទេ មានតែបុគ្គលទេដែលទៅប្រព្រឹត្ដិរឿងមិនល្អ អុីចឹង ចំពោះអ្នកដែលមិនមានការត្រឹះរិះពិចារណា សូមកុំមាន​ការ​យល់ច្រឡំ។ ការយល់ច្រឡំនឹងគោរមងារ ពាក់ព័ន្ធទៅដល់ថ្នាក់ដឹកនាំ ពាក់ព័ន្ធទៅដល់អង្គព្រះមហាក្សត្រ ដែលទ្រង់អត់បានដឹង ហើយគ្រប់គ្នាត្រូវយល់ឱ្យច្បាស់ថា អ្វីជាឧកញ៉ា? អ្វីជាបុគ្គល? គោរមងារជាអ្វី?“

ប្រធាន មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និង អ្នកឧកញ៉ា លីហៀក រតនា រូបនេះ យល់ឃើញថា៖ “យើងត្រូវបែងចែកឱ្យច្បាស់រវាងបុគ្គល និងគោរមងារ! បុគ្គលគ្រប់រូប មិនមែនតែឧកញ៉ា អ្នកនយោបាយ ឬក៏ពលរដ្ឋសាមញ្ញនោះទេ កាលណាធ្វើអ្វីមួយខុសទៅនឹងច្បាប់របស់ប្រទេសជាតិ គឺច្បាប់នឹងចាត់ចែងហើយ ប៉ុន្ដែបុគ្គលដែលទទួល​បាន​គោរមងារ កាលណាធ្វើខុស វាជាសកម្មភាពរបស់បុគ្គលនោះទេ មិនមែនជាសកម្មភាពរបស់គោរមងារនោះទេ”។

អ្នកឧកញ៉ាបណ្ឌិត ចិត្តធម៌ ដែលទើបតែរៀបចំកម្មវិធីជួបជុំ និងជូនប្រាក់ឧបត្ថម្ភដល់បងប្អូនជនពិការកំបុតដៃទាំងពីរ ទូទាំងប្រទេស សរុបប្រមាណ ១៧៨នាក់ បន្ថែមទៀត នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ជិតស្ពានអាកាសក្បាលថ្នល់ រូបនេះ មើលឃើញថា ពេលបច្ចុប្បន្ននេះ ក្នុងការបញ្ចេញមតិ នៅកម្ពុជា គឺបងប្អូនមហាជនទូទៅ មានសិទ្ធពេញលេញគ្រប់បែបយ៉ាង ប៉ុន្ដែ​សូមការបញ្ចេញមតិនោះថ្លឹងថ្លែងឡើងវិញ ជៀសវាងកុំឱ្យប៉ះពាល់ដល់បញ្ហាគោរមងារ ពីព្រោះថា ឧកញ៉ា ឥឡូវ​ក៏មានសមាគមឧកញ៉ានៅកម្ពុជា ដែរ ហើយសមាគមឧកញ៉ា បាននិងកំពុងខិតខំរក្សាកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរ នៃគោរមងារឧកញ៉ានៅកម្ពុជា ដើម្បីបង្ហាញ​ឱ្យកាន់តែ​ច្បាស់ ហើយឱ្យកាន់តែមានកិត្ដិយសទៅលើគោរមងារ “ឧកញ៉ា” ៕