មហាសេដ្ឋីឥណ្ឌា លោក Prakash Hinduja និងសមាជិកគ្រួសារចំនួន ៣រូបផ្សេងទៀត ត្រូវបានតុលាការប្រទេសស្វីស ដាក់ទោសឲ្យជាប់ពន្ធនាគារ បន្ទាប់ពីរកឃើញថា ពួកគេបានកេងប្រវ័ញ្ចកម្លាំងពលកម្មលើឈ្នួលបម្រើ។
យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញថា លោក Prakash និងភរិយា អ្នកស្រី Kamal រួមជាមួយកូនប្រុស Ajay និងកូនប្រសារស្រី Namrata បានបង្ខាំងអ្នកបម្រើនៅឯវីឡាមួយកន្លែងក្នុងប្រទេសស្វីស ដោយរឹបអូសលិខិតឆ្លងដែនរបស់ពួកគេ និងបង្ខំឲ្យធ្វើការរហូតដល់ ១៨ម៉ោងក្នុងមួយថ្ងៃ។
អ្នកបម្រើទាំងអស់នោះ ភាគច្រើនគឺជាជនជាតិឥណ្ឌា ហើយពួកគេមិនទទួលបានប្រាក់ឈ្នួលជាលុយហ្វ្រង់ស្វីសឡើយ តែទទួលបានជាលុយរូពីឥណ្ឌា ផ្ទេរចូលក្នុងគណនីនៅប្រទេសឥណ្ឌា ដែលពួកគេមិនអាចប្រើប្រាស់លុយទាំងនោះបាន។
សូមជម្រាបដែរថា ជុំវិញករណីមួយនេះ តុលាការបានសម្រេចផ្ដន្ទាទោសលើក្រុមគ្រួសារមហាសេដ្ឋី មានទ្រព្យសម្បត្តិ ២០ពាន់លានដុល្លារ ឲ្យជាប់ពន្ធនាគារចន្លោះពី ៤ ទៅ ៤ឆ្នាំកន្លះ៕