ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោក រុណ រដ្ឋា ជា «ឧកញ៉ា» នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោក រុណ រដ្ឋា ត្រូវបានគេដឹងថា ជានាយកប្រតិបត្តិគម្រោង លន ស៊ីធី ឡូតធឺសស៊ីថោន ខេត្តព្រះសីហនុ និងជាស្វាមីរបស់លោកស្រី លន ល័យហួយ ដែលត្រូវជាកូនស្រីរបស់ អ្នកឧកញ៉ា តុល លន អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន លន ស៊ីធី គ្រុប។
ក្រុមហ៊ុនក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន ដែលជាក្រុមហ៊ុនក្នុងស្រុកមួយ បានសម្រេចបោះទុន វិនិយោគប្រមាណ ១០០លានដុល្លារ ក្នុងការសាងសង់លំនៅដ្ឋាន តាមបែបស៊ីវិស័យ លើផ្ទៃដីសរុប៦៦ហិកតា នៅបណ្ដោយផ្លូវជាតិលេខ៤ បិតត្រាំង ស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសអញ្ជើញចូលរួមពិធីបើកការសាងសង់គម្រោងដ៏ធំខាងលើនេះ កាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧកញ៉ា រុណ រដ្ឋា នាយកប្រតិបត្តិគម្រោង លន ស៊ីធី ឡូតធឺសស៊ីថោន បានលើកឡើងថា គម្រោងនេះ នឹងចូលរួមចំណែក ក្នុងសកម្មភាពអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ក្នុងខេត្តព្រះសីហនុ ជាពិសេស គឺវិស័យទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាប៉ូលដ៏សំខាន់៕