ឥណ្ឌាទិញប្រេងផ្កាឈូករ័ត្នក្នុងបរិមាណដ៏ច្រើន ចំពេលរុស្ស៊ី និងអ៊ុយក្រែនព្យាយាមបញ្ចុះតម្លៃ

អន្តរជាតិ

រុស្ស៊ី និងអ៊ុយក្រែន ដោយហេតុតែភ្លើងសង្គ្រាមបានបង្ខំចិត្ត បន្ទាបតម្លៃទំនិញប្រេងផ្កាឈូករ័ត្នឲ្យចុះមកតម្លៃទាប ជាហេតុនាំឲ្យវាមានតម្លៃថោកជាងប្រេងសណ្តែក និងប្រេងដូងទៅទៀត ខណៈនៅខែមិថុនានេះ ប្រជាជនឥណ្ឌាបានទិញយកនូវប្រេងផ្កាឈូករ័ត្នទាំងនោះ រហូតដល់ទៅប្រាំសែនតោនឯណោះ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការលើកឡើងពីឈ្មួញកណ្តាល សុំមិនបញ្ចេញឈ្មោះម្នាក់បានលើកឡើងថា កាលពីប៉ុន្មានសប្តាហ៍មុន ប្រេងផ្កាឈូករ័ត្នឆៅមានតម្លៃត្រឹម ៩៤០ដុល្លារក្នុងមួយតោន ដែលនេះរាប់បញ្ចូលទាំងថ្លៃដើម ធានារ៉ាប់រង និងការដឹកជញ្ជូន (CIF) សម្រាប់យកទៅចែកចាយនៅប្រទេសឥណ្ឌាក្នុងខែមិថុនា ខណៈឯប្រេងសណ្តែកឯណោះវិញមានតម្លៃខ្ទង់ ១ ០១៥ដុល្លារ និងប្រេងដូងមានតម្លៃខ្ទង់ ៩៥០ដុល្លារក្នុងមួយតោនឯណោះ។

គួរឲ្យដឹងថា ជាមធ្យមប្រទេសឥណ្ឌាបានទិញប្រេងផ្កាឈូករ័ត្នប្រមាណ ២៥០ ០០០តោនជារៀងរាល់ខែ នៅក្នុងទីផ្សារកាលពីឆ្នាំមុន ដែលភាគច្រើននាំចូលមកពីតំបន់សមុទ្រខ្មៅ។

សូមជម្រាបផងដែរថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែនមានការនាំចេញប្រេងផ្កាឈូករ័ត្នច្រើនជាង៧០% នៃទីផ្សារពិភពលោក ខណៈការទិញប្រេងផ្កាឈូករ័ត្នពីសំណាក់ក្រុមហ៊ុនធំៗមកពីប្រទេសឥណ្ឌាជាដើម នឹងជួយកាត់បន្ថយការស្តុកទុកប្រេងផ្កាឈូករ័ត្នក្នុងតំបន់សមុទ្រខ្មៅបានមួយកម្រឹត ព្រមទាំងជួយបង្កើនតម្លៃឲ្យខ្ពស់ជាងមុនផងដែរ៕