ចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានមេដាយមាសរហូតដល់ពីរគ្រឿង លើមុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស កម្រិតសកល ដែលប្រឡងនៅទីក្រុងឌូបៃ។ នេះបើយោងតាមការឱ្យដឹងពីសម្ដេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នារាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «តាមិនខ្វល់ថាចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេ តែតាពិតជាមានមោទនភាពតាំងពីជាងមួយខែមុន ក្រោយបានទទួលដំណឹងថាចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកម្រិតសកលនៅឌូបៃ»។
សម្ដេចតេជោ បានបន្ដថា«តាយាយញញឹមពេលចៅចេញដំណើរទៅ រីករាយនិងមើលរូបថតចៅកំពុងអង្គុយប្រឡង។ ពេលនេះតាយាយកាន់តែមានមោទនភាពដោយទទួលបានដំណឹងថាចៅបានទទួលមេដាយមាសរហូតពីរគ្រឿង មួយគ្រឿងសម្រាប់គណិតវិទ្យា និងមួយគ្រឿងទៀតសម្រាប់ភាសារអង់គ្លេស»។
ជាមួយនឹងលទ្ធផលនេះ សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមដោយមោទនភាពថា «ចៅកំពុងរៀននៅថ្នាក់មត្តេយ្យនៅឡើយ តែចៅអាចប្រកួតប្រជែងកម្រិតសកលទាំងភាសាអង់គ្លេសទាំងគណិតវិទ្យាថ្នាក់ទី១ជាមួយសិស្សពីប្រទេសផ្សេងទៀត»។
ទន្ទឹមនឹងនោះសម្ដេចតេជោ ក៏បានបង្ហាញមោទនភាពចំពោះកូនខ្មែរដទៃទៀតផងដែរ ដោយសម្ដេចមានប្រសាសន៍ថា «តាក៏មានមោទនភាពផងដែរចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃក្នុងថ្នាក់ និងកម្រិតខុសៗគ្នាដែលបង្ហាញថាចៅៗជាសិស្សពូកែរបស់កម្ពុជា ទើបអាចចូលប្រឡងកម្រិតសកលបាន។ សូមអបអរសាទរជាមួយមាតាបិតាអាណាព្យាបាលចៅៗទាំងអស់»៕