លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា វិញ ហួរ ជួយសាងសង់ផ្ទះ ក្នុងមួយឆ្នាំ ម្នាក់ ១០០ខ្នង ជូនអតីតយុទ្ធជនក្រីក្រ

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង, អនុប្រធានសមាគម​ឧកញ៉ាកម្ពុជា និង​អ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កំពតផត, សមាជិក​ក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា​ ​​បាន​ស្ម័គ្រចិត្ត​​ជួយសាង​សង់​ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព ម្នាក់ក្នុង​មួយឆ្នាំ​ចំនួន ១០០ខ្នង។ នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹង​ពី លោក​កិត្តិសង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគម​អតីតយុទ្ធជនកម្ពុជា នៅព្រឹក​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសុន្ទរកថា​ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជន​កម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា លោក​កិត្តិសង្គហ​បណ្ឌិត គន់ គីម ​បាន​មាន​ប្រសាសន៍​​ដូច្នេះ​ថា៖ “អម្បាញ់នេះ​ លោកអ្នកឧកញ៉ា លាង ឃុន តំណាងក្រុមហ៊ុន ជីប ម៉ុង លោកថា​ជួយ​សាងសង់​ផ្ទះ​​មួយឆ្នាំ​១០០ខ្នង ហើយ​អ្នកឧកញ៉ា វិញ ហួរ ធ្លាប់ជួយសម្តេច​តេជោ ៥ឆ្នាំ​​ បាន​៥០០ខ្នង ហើយ​​សម្រាប់​សម្តេចធិបតី ក៏​អ្នកឧកញ៉ាបន្ត​ជួយ​ ៥ឆ្នាំ ចំនួន ៥០០ខ្នង​ផង​ដែរ”។

លោក​កិត្តិសង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគម​អតីតយុទ្ធជនកម្ពុជា បាន​បញ្ជាក់​ទៀត​ថា មុនកិច្ចពិធី​នេះ​​លោក​បាន​ធ្វើ​ការ​​អំពាវនាវ​​ដល់​ថ្នាក់ដឹកនាំ​បណ្តាក្រសួង ស្ថាប័ន និង​សប្បុរសជននានា​ ឱ្យ​ជួយ​សាងសង់​ផ្ទះ​បន្ថែម​​​ ដោយសារ​ឆ្នាំ២០២៤​នេះ មានការ​ខ្វះខាត​ខ្លាំង រហូត​ដល់​ទៅ​ ២០០០ខ្នង​ឯណោះ។

គោលបំណងនៃការប្រារព្វពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជន​កម្ពុជា គឺដើម្បីរំឭកដល់គំរូវីរភាព​ដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីត​យុទ្ធជន ដែល​បាន​ធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់​ស្រស់ ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិរួច​ផុតពីរបប​ប្រល័យពូជ សាសន៍ ប៉ុល ពត។ ការប្រារព្ធទិវានេះ បង្ហាញឱ្យឃើញអំពីគុណូបការៈរបស់អតីតយុទ្ធជនក្នុងការលះបង់ ប្ដេជ្ញា និងមាន​ឆន្ទៈមោះមុតក្នុងការស្នេហា​ជាតិ​មាតុភូមិ ការពារបូរណភាពទឹកដី កសាងសន្តិភាព និងស្ថិរភាព​សង្គមសំដៅដល់ការ​ធានា ឱ្យមានការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីម្ពុជា និងលោកជំទាវបណ្ឌិត រួមជាមួយក្រសួងស្ថាប័ន និងសប្បុរសជននានា បានសាង​សង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារពលី គិតត្រឹមឆ្នាំ២០២៤នេះ​ បានចំនួនសរុប ៥,៥៦៩ខ្នង រួមទាំង​ការ​ផ្តល់ដី​សម្រាប់​បង្ករបង្កើន​ផល​ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ និង​ការ​រៀបចំ​ជាភូមិ​ជូន​អតីតយុទ្ធជនក្រីក្រ ដែលស្ម័គ្រចិត្ត​ទៅ​រស់នៅ​​លើដី​សម្បទាន​សង្គមកិច្ច៕