ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល បានចាត់ទុកជីវភាពរបស់អតីតយុទ្ធជនគឺជារឿងសំខាន់ ខណៈរដ្ឋាភិបាលក៏បានចំណាយថវិកា១០លានដុល្លារក្នុងមួយឆ្នាំៗ លើការតម្លើងប្រាក់ឧបត្ថម្ភដល់អតីតយុទ្ធជនផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ថ្លែងដូច្នេះ នាឱកាសបានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤។ ពិធីនេះ រៀបចំនៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាព ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និង គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋជាទីស្នេហានៃយើង។
សម្តេចធិបតី ក៏បានច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល ទុកចោលអតីតយុទ្ធជន និងមន្ដ្រីរាជការចូលនិវត្តន៍ ផ្ទុយទៅវិញសម្តេចថា រដ្ឋាភិបាលនៅតែគិតគូរអតីតយុទ្ធជនជាអាទិភាព ព្រោះគោលបំណង៣ដែលរាជរដ្ឋាភិបាលកម្ពុជា គិតគូរដល់អតីតយុទ្ធជន រួមមាន កិត្តិយស ជីវភាព និងឱកាសជាដើម។
បន្ថែមពីនេះ សម្តេចបានឱ្យដឹងថា៖« អតីតយុទ្ធជន នៅតែជាគ្រួសារតែមួយរបស់កងកម្លាំងប្រដាប់អាវុធ ហើយជីវភាពរបស់អតីតយុទ្ធជន ត្រូវតែបន្ដគិតគូរ មិនមែនចេញពីជួរហើយឈប់គិតនោះទេ ជាក់ស្តែងការតម្លើងប្រាក់ឧបត្ថម្ភដល់អតីតយុទ្ធជនម្នាក់៥ម៉ឺនរៀល រាជរដ្ឋាភិបាលចំណាយ១លានដុល្លារមួយខែ ស្មើនឹងមួយឆ្នាំ១០លានដុល្លារឯណោះ»។
គួរបញ្ជាក់ដែរថា បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត គិតមកដល់ពេលបច្ចុប្បន្ននេះ អតីតយុទ្ធជននៅកម្ពុជា មានចំនួន ១០៩០៣៤ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៤៩០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរាជរដ្ឋាភិបាល៕ អត្ថបទ៖ រង្សី