អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា ជួយសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ម វណ្ណឌី សហគ្រិនវ័យក្មេងដ៏មានសក្តានុពល និង​ភរិយា អ្នកឧកញ៉ា ទៀង ផល្លា ​​បាន​ស្ម័គ្រចិត្ត​ជួយ​សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពត ​សម្រាប់​មន្ត្រី​​បម្រើការងារ​ក្នុងការ​ផ្តល់​សេវា​ និងដោះស្រាយ​បញ្ហា​ជូន​បងប្អូនអតីតយុទ្ធជន និង​គ្រួសារ​ពលី​មរណៈ​កាន់​តែ​​មានភាព​ប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​កិត្តិសង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគម​អតីតយុទ្ធជន​កម្ពុជា បាន​ថ្លែង​ឱ្យដឹង​​​ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជន​កម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​កាលពី​ព្រឹក​មិញ​នេះ​ថា កន្លងទៅនេះ សមាគម​បាន​ខ្ចីកន្លែង​​របស់​ស្នងការ​នគរបាលខេត្ត តំបន់ប្រតិបត្តិការ​សឹក ដើម្បី​ធ្វើ​ទីស្នាក់ការ​សម្រាប់​ធ្វើការងារ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្ត​ថា អនុវត្ត​តាម​អនុសាសន៍​របស់​សម្តេចតេជោ​ប្រធាន​សមាគម​ និង​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ អាណត្តិទី៧ របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត​ ក្នុងការ​បង្កើន​ប្រសិទ្ធភាព​ការងារ បាន​អនុញ្ញាត​ឱ្យ​​លោក​​ស្វែង​រក​ដី និង​កៀរគរ​សប្បុរសជន​ជួយ​​សាងសង់​ទីស្នាក់ការ​សមាគម​អតីតយុទ្ធជនកម្ពុជា តាមបណ្តាខេត្ត។

​លោក​កិត្តិសង្គហ​បណ្ឌិត គន់ គីម បាន​មាន​ប្រសាសន៍​បន្ថែម​ដូច្នេះថា៖ “ខេត្តបាត់ដំបង គឺ​អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា ជួយសាងសង់​​អគារ​ទីស្នាក់ការ​ចំនួន​២ខ្នង និងបានសាងសង់រួចហើយ។ ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត​បាន​ផ្តល់ដី​រួចហើយ ហើយ​អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា នឹងជួយ​សាងសង់​អគារស្នាក់ការ​ចំនួន ១ខ្នង។ រីឯ​ខេត្តកំពត ក៏​មានដីហើយ លោកក្មួយ​អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា ក៏បានសន្យា​ថា​នឹង​ជួយ​សាងសង់​នៅ​ខេត្ត​កំពត​មួយ​ទៀត​ផង​ដែរ”។

“បន្ទាប់ពីសមាគម​អតីតយុទ្ធជនកម្ពុជា បាន​កែ​សម្រួល​រចនាសម្ព័ន្ធ​​ដឹកនាំ​ដែលមាន​កម្លាំង​ចម្រុះ​​សហការគ្នា​ជាមួយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតីសម្បទា ​បាន​ធ្វើឱ្យ​ការ​បម្រើសេវា​ និងដោះស្រាយ​បញ្ហា​ជូន​បងប្អូនអតីតយុទ្ធជន និង​គ្រួសារ​ពលី​មរណៈ​កាន់​តែ​​មានភាព​ប្រសើរឡើង”។ លោក​កិត្តិសង្គហ​បណ្ឌិត គន់ គីម បាន​បញ្ជាក់​បន្ថែម។
​​​​
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត​ ជាស្ថាបនិកមួយរូប​ក្នុងការ​កែសម្រួល​ក្បាលម៉ាស៊ីនដឹកនាំ​សមាគម​អតីតយុទ្ធជនកម្ពុជា ពីការដឹកនាំ​តែមួយ​អង្គភាព​ ទៅ​ជា​ការ​ដឹកនាំ​ចម្រុះ​ដែលមាន​គ្រប់អង្គភាព​ពាក់ព័ន្ធ​ចូលរួម​ ដែល​ធ្វើឱ្យ​សមាគម​អតីតយុទ្ធជន​កម្ពុជា បានដំណើរការ​ប្រកបដោយ​ភាពជោគជ័យ​ ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​​សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម៕