អ្នកលេងផ្សារហ៊ុនបានកើបលុយប្រហែល ៥ពាន់លានដុល្លារ បន្ទាប់ពីការទិញភាគហ៊ុនក្រុមហ៊ុន Nvidia ចំពេលធ្លាក់ថ្លៃ និងសម្រុកលក់ចេញវិញពេលភាគហ៊ុនឡើងថ្លៃ រយៈពេលប៉ុន្មានថ្ងៃនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
កាលពីសប្ដាហ៍មុន តម្លៃហ៊ុនរបស់ក្រុមហ៊ុន Nvidia បានធ្លាក់ចុះដល់ ១៣% ដែលធ្វើឲ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ប្រហែល ៤៣០ពាន់លានដុល្លារ ស្របពេលអ្នកលេងផ្សារហ៊ុនឃើញឱកាសល្អ ក៏បានទិញភាគហ៊ុនអំឡុងពេលនោះ។
ដោយឡែក សម្រាប់សប្ដាហ៍នេះ តម្លៃហ៊ុនរបស់ Nvidia ក៏បានហក់ឡើង ៧% វិញ ដែលធ្វើឲ្យអ្នកលេងផ្សារហ៊ុនទាំងនោះ សម្រុកលក់ភាគហ៊ុនដែលបានទិញចំពេលធ្លាក់ថ្លៃ និងទទួលបានផលចំណេញរាប់ពាន់លានដុល្លារ។
សូមជម្រាបដែរថា បច្ចុប្បន្នក្រុមហ៊ុន Nvidia គឺជាក្រុមហ៊ុនឈានមុខគេលើវិស័យផលិតបន្ទះឈីប ដែលជាផលិតផលចាំបាច់ខ្លាំងសឹងតែគ្រប់វិស័យឧស្សាហកម្ម ហើយក្រុមហ៊ុននេះក៏មានមូលធនទីផ្សារធំបំផុតលើលោកទី០៣ ដោយមានតម្លៃជាង ៣ទ្រីលានដុល្លារឯណោះ៕