ក្រុមហ៊ុនចិនធំៗ កំពុងសម្លឹងឃើញម៉ាឡេស៊ី ជាទីតាំងគេចចេញពីការយកពន្ធរបស់អាមេរិក លើទំនិញខ្លួន

អន្តរជាតិ

យោងតាមរបាយការណ៍មួយបានបង្ហាញកាលពីថ្ងៃអង្គារថា នាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់ចិនដែលកំពុងមានបំណងចង់បង្កើតរោងចក្រថ្មីនៅក្នុងប្រទេសម៉ាឡេស៊ី បានជួបពិភាក្សាជាមួយមន្ត្រី នៅក្នុងទីក្រុងកូឡាឡាំពួ ដើម្បីពិនិត្យមើលថាប្រទេសនេះ អាចជួយពួកគេគេចចេញពីការយកពន្ធរបស់សហរដ្ឋអាមេរិក មកលើទំនិញរបស់ខ្លួនបានឬអត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន Financial Times បានរាយការណ៍ទៀតថា ក្រុមហ៊ុនដែលពាកព័ន្ធទៅនឹងការផលិតអាគុយ ឧបករណ៍វេជ្ជសាស្ត្រ និងបន្ទះឈីបកុំព្យូទ័រ របស់ប្រទេសចិន កំពុងពិចារណាលើការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួន មកកាន់ប្រទេសម៉ាឡេស៊ី។

ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនធំៗទាំងនោះ បានស្នើឲ្យរដ្ឋមន្ត្រីម៉ាឡេស៊ី និងមន្ត្រីរដ្ឋាភិបាលកំពូលៗ ធ្វើការបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក ប្រឆាំងទៅនឹងការយកពន្ធលើផលិតផលដែលផលិត ឬប្រមូលផ្តុំនៅក្នុងប្រទេសម៉ាឡេស៊ី ដោយក្រុមហ៊ុនរបស់ចិន។

ជុំវិញការសម្រេចចិត្តរបស់ក្រុមហ៊ុនចិន ក្នុងការប្តូរទីតាំងផលិតរបស់ខ្លួន មកកាន់ប្រទេសម៉ាឡេស៊ីនេះ គឺបានកើតឡើងបន្ទាប់ពីរដ្ឋបាលរបស់លោក ចូ បៃដិន កាលពីខែមុនបានបង្ហាញការដំឡើងពន្ធដ៏ច្រើនលើការនាំចូលផលិតផលរបស់ចិនជាច្រើន រួមមានអាគុយរថយន្តអគ្គិសនី បន្ទះឈីបកុំព្យូទ័រ និងផលិតផលវេជ្ជសាស្រ្ត ជាដើម ខណ:ការដំឡើងពន្ធមួយចំនួនអាចនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហាខាងមុខ។

ជម្រាបជូនផងដែរថា កន្លងមកក្រុមហ៊ុនចិនផ្សេងទៀត ដូចជាក្រុមហ៊ុនផលិតបន្ទះសូឡា Trina Solar ក៏បានសម្រេចចិត្តផ្លាស់ប្តូររោងចក្រផលិតរបស់ខ្លួន ទៅកាន់ប្រទេសវៀតណាម និងថៃផងដែរ ក្នុងគោលបំណងគេចចេញពីការបង់ពន្ធដ៏ច្រើននេះ៕