រីសតមានអាងទឹកវែងជាងគេនៅអាស៊ី របស់អ្នកឧកញ៉ា សួរ វីរៈ គ្រោងបើកជាផ្លូវការនៅចុងឆ្នាំនេះ

ជុំវិញ​ឧកញ៉ា

រីសត Sdach Chhne Resort & Resident ដែលជារីសត​មាន​អាងទឹក​វែងជាងគេ​នៅ​អាស៊ី​ ប្រវែង​ដល់ទៅ ២៥០ម៉ែត្រ ​​របស់​អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ​​គ្រោង​នឹង​បើក​​បម្រើ​សេវាកម្ម​ជូន​អតិថិជន​ជាផ្លូវការ នៅ​ចុង​ឆ្នាំ​២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ បាន​បង្ហើប​ឱ្យដឹង​តាមរយៈទំព័រហ្វេសប៊ុក កាលពី​ថ្ងៃទី២៦ ខែមិថុនា ម្សិលមិញនេះ​ថា Sdach Chhne Resort & Resident នឹងចូលខ្លួនមកបម្រើ​អតិថិជនក្នុងឆ្នាំនេះហើយ ដែលជារីសត​ដំបូងគេ​បង្អស់​នៅក្នុងប្រទេសកម្ពុជា កំពុងសាង់សង់លើឆ្នេរដ៏ស្រស់ស្អាតក្នុងផ្ទៃដីជាង ៥ហិកតា ជាមួយទេសភាពថ្ងៃលិច អាងទឹកដែលមានវែងជាងគេនៅអាស៊ីប្រវែង២៥០ម៉ែត្រ និងបន្ទប់ស្នាក់នៅគ្រប់រស់ជាតិជាង ២៥០បន្ទប់ និង​វីឡា​លំហែរ ភោជនីយដ្ឋានបែបខ្មែរ អឺរ៉ុប បន្ទប់ហាត់ប្រាណ ស្ទីម សោណា សាលប្រជុំ និងសេវាកម្មទេសចរណ៍​ដ៏សម្បូរបែប។

រីសត​ដ៏​ប្រណិតនេះ អ្នកឧកញ៉ា សួរ វីរៈ គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ឱកាស​​បុណ្យ​ឆ្លងឆ្នាំ​សកល ២០២៥។ ទោះ​យ៉ាងណា អ្នកឧកញ៉ា ពុំ​ទាន់បង្ហើប​ប្រាប់ពី​ទីតាំង​របស់​រីសត ដែល​ជា​ស្នាដៃ​កូនខ្មែរ ១០០% នេះ​ ​ឱ្យ​ដឹង​នៅ​ឡើយ​ទេ។

សូមជម្រាបថា ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប របស់អ្នកឧកញ៉ា សួរ វីរៈ បច្ចុប្បន្ន​មានក្រុមហ៊ុន​ដែលជា​បុត្រសម្ព័ន្ធ​ដូចជា៖ រថយន្តជួលប្រណិត, រថយន្ត​ក្រុង​ប្រណិត និង Air Bus, រថយន្តគ្រែគេងយប់​ប្រណិត​ដំបូងគេ​ក្នុងប្រទេស​តាំងពីឆ្នាំ២០០៦, រថយន្ត​សម្រាប់​ដឹក​ទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសត ដូចជា Tube Resort, Sandy Beach Bungalows, Koh Sdach Resort, Eden Beach Resort, Sarasea Bodega, Pidoma, Romdoul Kirirom និងកោះអភិជន រីសត។ នាពេលឆាប់ៗនេះ ក្រុមហ៊ុន​ក៏​នឹងមាន​ជា​ប្រភេទ​ផ្លូវអាកាស SeaPlanes (VET Airway) ស្របតាម​តម្រូវការ​របស់​អតិថិជន​ផង​ដែរ៕