កម្ពុជា-ម៉ាឡេស៊ី នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យធំៗចំនួន៦

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាថា នឹងរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យធំៗចំនួន៦ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច សំដៅផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបែបនេះ គឺធ្វើឡើងតាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សាហារូឌីន ប៊ីន អន (SHAHARUDDIN BIN ONN) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ ភាគីទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ពិសេសលើវិស័យធំៗចំនួន៦ រួមមាន៖ វិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កសិកម្ម ឧស្សាហកម្មម្ហូបអាហារ Halal បច្ចេកវិទ្យាព័ត៌មាន និងឌីជីថលជាដើម។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានយល់ស្របគ្នាអំពីសារសំខាន់ក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី តាមពេលវេលាសមស្របសម្រាប់ភាគីទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងរិះរកវិស័យសក្តានុពលផ្សេងៗទៀតដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកផងដែរ។

លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន អង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិផ្សេងទៀត ដែលប្រទេសទាំងពីរធ្លាប់មានប្រវត្តិគាំទ្រគ្នាទៅវិញទៅមក ហើយនៅតែបេ្ដជ្ញាចិត្តបន្ដការគាំទ្រជាប្រពៃណីនេះតទៅទៀត។

សូមរម្លឹកដែរថា កម្ពុជាជាដៃគូពាណិជ្ជធំទី៩របស់ម៉ាឡេស៊ីនៅក្នុងចំណោមប្រទេសអាស៊ានទាំង១០  ដោយមានទំហំពាណិជ្ជកម្មជាង៦០០លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមសារព័ត៌មានម៉ាឡេស៊ី The Star។ប៉ុន្តែកាលពីពេលកន្លងទៅនេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា  លោក តាន់ ហ្សង់ហ្វ្រង់ស័រ ធ្លាប់បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ីនៅតូចនៅឡើយ បើធៀបនឹងទំហំពាណិជ្ជកម្ពុជា-ថៃ ដែលមានជិត ៨ពាន់លានដុល្លារនៅឆ្នាំ២០២២ ដូចគ្នា។ហេតុនេះ ភាគីទាំងពីរ ទាមទារឱ្យមានការពង្រីក និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែម លើគ្រប់វិស័យ៕ អត្ថបទ៖ រង្សី