ស្ថិតក្នុងភ្នួសរយៈពេល ១ខែ តើអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានបំពេញកុសលអ្វីខ្លះ?

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង គ្រុប (I.N.G Holding Group) បច្ចុប្បន្នជាព្រះភិក្ខុ ជោតញ្ញាណោ អុឹង ប៊ុនហ៊ូវ បានបួសសាងភ្នួសក្នុងព្រះពុទ្ធសាសនា រយៈពេល១ខែ ដោយអ្នកឧកញ៉ាបានបួសកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ ស្ថិតនៅក្នុងភ្នួសរយៈពេល១ខែ តើអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានបំពេញកុសលអ្វីខ្លះ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ព្រះភិក្ខុ ជោតញ្ញាណោ អុឹង ប៊ុនហ៊ូវ មានសង្ឃដីកាថា «ការបួសជាភិក្ខុភាវៈរយៈពេលជាង០១ខែនេះ ជារៀងរាល់ថ្ងៃខ្ញុំព្រះករុណា-អត្មាភាពបានបដិបត្តិចម្រើនសមាធិ សមថកម្មដ្ឋាន សង្រួមកាយ វាចា និងចិត្ត ។ ក្រៅអំពីការបំពេញកិច្ចបដិបត្តិសមាធិ ខ្ញុំព្រះករុណា-អត្មាភាពក៏បានបំពេញកិច្ចសាសនា និងកិច្ចផ្សេងៗដូចខាងក្រោម»។

ព្រះភិក្ខុ ជោតញ្ញាណោ មានសង្ឃដីកាបន្ដថា ព្រះអង្គបានមានសទ្ធាចូលរួមបុណ្យផ្កាប្រាក់ទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ ដែលបានផ្តួចផ្តើមដោយសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីវណ្ណោ។ បាននិមន្តទៅថ្វាយបង្គំយកវត្តគោរពប្រតិបត្តិ ចំពោះសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និងសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង។ បន្ថែមទៀតនោះ ព្រះអង្គបាននិមន្តទៅវត្តពោធិ៍អណ្តែត ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើកិច្ចឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះ ដួងវិញ្ញាណក្ខន្ធញោមឳពុក មហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ឋសាសនូបត្ថម្ភក៍ លឹម ឈុន។

ព្រះភិក្ខុ ជោតញ្ញាណោ អុឹង ប៊ុនហ៊ូវ មានសង្ឃដីកាបន្ថែមទៀតថា ព្រះអង្គបានបំពេញកុសល ការធ្វើទានប្រគេនដីបន្ថែមទំហំ ២០០ហិកតា មានទីតាំងស្ថិតនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្រោមព្រះវត្តមានសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះតេជគុណ ពេញ វិបុល, ព្រះតេជគុណ គូ សុភាព។

ជាមួយនឹងដំណើរសាងភ្នួសនេះ ព្រះភិក្ខុ ជោតញ្ញាណោ អុឹង ប៊ុនហ៊ូវ បានថ្លែងអំណរព្រះគុណចំពោះសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ដែលបានផ្តល់ព្រះឱវាទ ក្នុងនាមជាព្រះឧបជ្ឈាយ៍ និងបានផ្តល់នូវសេនាសេនៈរៀនសូត្រព្រះធម៌ ក្នុងរយៈពេលជាង០១ខែ។

ទន្ទឹមនឹងនោះ ព្រះភិក្ខុ ជោតញ្ញាណោ អុឹង ប៊ុនហ៊ូវបានប្រគេនមហាកុសលផលបុណ្យ ដែលកើតពីការបំពេញព្រះផ្នួសនេះ ចំពោះសម្តេចព្រះឧបជ្ឈាយ៍ព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ និងព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមចម្រើនពរជូនចំពោះញោមម្តាយ ញោមម្តាយក្មេក ញោមស្រី កូនប្រុស កូនស្រី ព្រមទាំងញាតិញោមជិតឆ្ងាយដែលមានចិត្តសទ្ធាជ្រះថ្លាចំពោះខ្ញុំព្រះករុណា-អាត្មាភាពសាងព្រះផ្នួស ប្រតិបត្តិសមាធិ និងធ្វើទានទាំងឡាយ សូមមានសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរ ទទួលបាននូវមហាកុសលផលបុណ្យស្មើៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ៕