អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការចាកចេញរបស់ធនាគារអឺរ៉ុប នឹងផ្ដល់ផលប៉ះពាល់ដល់ក្រុមហ៊ុនលោកខាងលិច និងក្រុមហ៊ុនរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ការលើកឡើងរបស់លោក Peskov គឺសំអាងថា បច្ចុប្បន្នក្រុមហ៊ុនលោកខាងលិចមួយចំនួន គឺនៅតែបន្តប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ដោយប្រើប្រាស់សេវាកម្មធនាគាអឺរ៉ុបនៅទីនោះ ដូច្នេះការដកខ្លួនចេញរបស់ធនាគារអឺរ៉ុប នឹងបង្កឲ្យកកស្ទះដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងនោះ។
គួររំលឹកបន្តិចថា ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន ក្រុមហ៊ុនបរទេសប្រហែល ១ ០០០ក្រុមហ៊ុនបានចាកចេញពីទីផ្សាររុស្ស៊ី ហើយបានខាតបង់ប្រាក់ច្រើនជាង ១០៧ពាន់លានដុល្លារថែមទៀត។
ជម្រាបបន្ថែមថា បច្ចុប្បន្នធនាគារអឺរ៉ុបចំនួន ២ គឺធនាគារ Raiffeisen Bank International របស់ប្រទេសអូទ្រីស និងធនាគារ UniCredit របស់ប្រទេសអ៊ីតាលី គឺបានដើរតួយ៉ាងសំខាន់ ជាស្ពានសម្រាប់ការធ្វើជំនួញរវាងក្រុមហ៊ុនលោកខាងលិច និងក្រុមហ៊ុនរុស្ស៊ី៕