ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា សុខ សំណាង សមាជិកសមាគមឧកញ៉ាកម្ពុជា

ជុំវិញ​ឧកញ៉ា សមាគមឧកញ៉ាកម្ពុជា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រោសព្រះរាជទាន​ត្រាស់បង្គាប់​ផ្តល់គោរមងារ ឧកញ៉ា សុខ សំណាង សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» ​​នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ​​តាមសេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា សុខ សំណាង គឺជាអគ្គនាយកក្រុមហ៊ុន ភេសជ្ជៈប៉ូការីស្វេត (Pocari Sweat)។ កន្លងមក លោកឧកញ៉ា និងភរិយា លោកស្រី ស៊ីម សុនិមល តែងតែ​បរិច្ចាគ​ធនធានផ្ទាល់ខ្លួន​ជា​ច្រើន​រួមចំណែក​ជាមួយ​សកម្មភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​​ជួយ​ដល់​​សង្គម ដូចជា ការ​បរិច្ចាគ​ថវិកា​ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ បរិច្ចាគ​ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និង​ឧបត្ថម្ភរថយន្តចំនួន ២គ្រឿង គិតជាថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា កាលពីឆ្នាំ២០២៣ ជាដើម។

ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» សមាគមឧកញ៉ាកម្ពុជា បាន​​ចេញសារសម្តែងការ​អបអរសាទរ​ យ៉ាង​ដូច្នេះថា៖ “ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ឧកញ៉ា សុខ សំណាង សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ។ សូមជូនពរ អ្នកឧកញ៉ា សុខ សំណាង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវ​ភាពជោគជ័យគ្រប់ភារកិច្ចទាំងពួង និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ”៕