ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកឧកញ៉ា គួច ម៉េងលី ចុះMOU ជាមួយមន្ទីរពេទ្យ អ៊ីនធ័រឃែរ សហការលើការផ្តល់សេវាសុខភាព

ជុំវិញ​ឧកញ៉ា

មន្ទីរពេទ្យ អ៊ីនធ័រឃែរ(Intercare Hospital) និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education PLC.) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងសហការគ្នាលើការផ្តល់សេវាសុខភាពជូនដល់សិស្សានុសិស្ស និងបុគ្គលិក របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធី​ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ​បាន​ធ្វើ​ឡើងនៅ​​មន្ទីរពេទ្យ អ៊ីនធ័រឃែរ ​រាជធានី​ភ្នំពេញ ក្រោមអធិបតីភាព លោកស្រី វេជ្ជបណ្ឌិត Carolyne Pung សហស្ថាបនិក និងជានាយិកាប្រតិបត្តិ នៃមន្ទីរពេទ្យ អ៊ីនធ័រឃែរ និងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងពីរ សិស្សានុសិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក៏ដូចជាភ្ញៀវកិត្តិយស និងអ្នកព័ត៌មានជាតិ-អន្តរជាតិជាច្រើនរូប។

អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ ក្នុងការផ្ដល់សេវាកម្មថែទាំសុខភាពជូនសិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក រួមមានដូចជា៖ ការពិនិត្យសុខភាពមុនចូលបម្រើការងារ ការពិនិត្យសុខភាពទូទៅ ការពិនិត្យសុខភាពប្រចាំឆ្នាំ ការចាក់វ៉ាក់សាំងជំងឺផ្សេងៗ ការព្យាបាលជំងឺ និងកម្មវិធីយល់ដឹងអំពីការថែទាំសុខភាពជាដើម។

ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានេះដែរ លោកស្រី វេជ្ជបណ្ឌិត Carolyne Pung សហស្ថាបនិក និងជានាយិកាប្រតិបត្តិ នៃមន្ទីរពេទ្យ អ៊ីនធ័រឃែ បានបង្ហាញថ្លែងថា៖ «ភាពជាដៃគូជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដើម្បីផ្ដល់ជូនសេវាសុខភាព ការបង្ការជំងឺ ឬការព្យាបាលតាមបែបវេជ្ជសាស្រ្តដ៏លំដាប់ជូនដល់សិស្សានុសិស្ស បុគ្គលិក ក៏ដូចជាក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

លោកស្រី វេជ្ជបណ្ឌិត បន្តថា៖ «កិច្ចសហការគ្នានេះ នឹងជួយលើកកម្ពស់ការអប់រំលើផ្នែកសុខភាពជូនដល់សិស្សានុសិស្ស និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីអាចឱ្យពួកគេបានយល់ដឹងអំពីរបៀបថែទាំសុខភាពក្នុងការរស់នៅប្រចាំថ្ងៃផងដែរ»។ មិនតែប៉ុណ្ណោះ កិច្ចសហការនេះ ក៏នឹងជួយជំរុញដល់ការពង្រឹងភាពស៊ាំរាងកាយ និងសុខភាពផ្លូវចិត្ត ដែលជាផ្នែកមួយក្នុងការបង្កើនគុណភាពសុខភាព។ ជាពិសេស ភាពជាដៃគូសហការជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នេះ បង្កប់នូវស្មារតីដ៏ស៊ីសង្វាក់គ្នា និងមានតម្លៃ ដែលជួយជំរុញឱ្យដៃគូទាំងពីរដើរឆ្ពោះទៅកាន់អនាគតពោរពេញដោយសុខុមាលភាព និងការអប់រំមានទំនាក់ទំនងគ្នាយ៉ាងសុខុដុមរមនា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានសម្តែងការអបអរសាទរចំពោះភាពជាដៃគូថ្មីនេះ ដោយអ្នកឧកញ៉ា មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក តែងតែស្វែងរកឱកាសថ្មីៗ ក្នុងការផ្ដល់ការលើកកម្ពស់ការអប់រំ និងសុខុមាលភាពដល់បុគ្គលិក គ្រូបង្រៀន និងសិស្សានុសិស្សរបស់យើង ក៏ដូចជាសហគមន៍ទាំងមូល»។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី កត់សម្គាល់ថា៖ «ស្របពេលដែលសាលារៀនរបស់យើងកំពុងមានការកើនឡើងជាបន្តបន្ទាប់ ដូច្នេះគោលដៅរបស់យើងគឺត្រូវធានាដល់សុខុមាលភាពរបស់បុគ្គលិ គ្រូបង្រៀន និងសិស្សានុសិស្សរបស់យើងជាចាំបាច់។ ប្រការនេះ ទើបបានជាយើងត្រូវស្វះស្វែងរកដៃគូសហការជាមួយមន្ទីរពេទ្យ ធ្វើយ៉ាងណា អាចឱ្យបុគ្គលិក គ្រូបង្រៀន និងសិស្សានុសិស្សរបស់យើង អាចទទួលបានការអប់រំសុខភាព ឬការព្យាបាល ប្រកបដោយស្តង់ដា និងការយកចិត្តទុកដាក់ ដែលជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការលើកកម្ពស់ការអប់រំនៅកម្ពុជា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហាញសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសពីភាពជាដៃគូថ្មីរបស់យើង ជាមួយមន្ទីរពេទ្យ អ៊ីនធ័រឃែរ ដែលនឹងផ្តល់ជូននូវសេវាថែទាំសុខភាពដ៏មានគុណភាពខ្ពស់ ចាំបាច់សម្រាប់សុខុមាលភាពរបស់បុគ្គលិក គ្រូបង្រៀន និងសិស្សានុសិស្សរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ទាំងអស់»។

គួរជម្រាបថា ទន្ទឹមនឹងកំណើននៃចំនួនសាខារបស់សាលារៀន បុគ្គលិក សិស្សានុសិស្ស ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នឹងបន្តបំពេញបេសកកម្មរបស់ខ្លួន ព្រមទាំងសហការគ្នាជាមួយ មន្ទីរពេទ្យតាមរយៈការបណ្តុះបណ្តាល និងការរៀបចំសិក្ខាសាលានានា ដើម្បីពង្រីកការយល់ដឹងអំពីសារៈសំខាន់នៃសុខភាព និងសុវត្ថិភាពនៅក្នុងសហគមន៍៕

សម្រាប់ព័ត៌មានលម្អិតអំពីកិច្ចសហការ និងកម្មវិធីថែទាំសុខភាពនាពេលខាងមុខ សូមទាក់ទងតាមរយៈ៖

•ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education PLC.) អ៊ីមែល(Email)៖ [email protected] លេខទូរសព្ទ៖ +855 011 388 868

•មន្ទីរពេទ្យ អ៊ីនធ័រឃែរ(Intercare Hospital) អ៊ីម៉ែល(Email)៖ [email protected]  លេខទូរសព្ទ៖ +855 23 996 900