ប្រទេសសិង្ហបុរី បានរាយការណ៍កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅថា ខ្លួនបានរឹបអូសលុយចំនួន ៦ពាន់លានដុល្លារសិង្ហបុរី (៤,៤ពាន់លានដុល្លារ) ដែលជាប់ពាក់ព័ន្ធទៅនឹងអំពើឧក្រិដ្ឋកម្ម និងការលាងលុយកខ្វក់ រាប់ចាប់តាំងពីឆ្នាំ២០១៩ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ជុំវិញការរឹបអូសទឹកប្រាក់ក្នុងចំនួនច្រើនបែបនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសិង្ហបុរី ក្នុងការបញ្ឈប់លំហូរនៃលុយខុសច្បាប់ បន្ទាប់ពីរឿងមានអាស្រូវលាងលុយកខ្វក់ដ៏ធំសម្បើម កាលពីឆ្នាំមុន។
របាយការណ៍បាននិយាយថា ក្នុងចំណោមទឹកប្រាក់ ៦ពាន់លានសិង្ហបុរី ដែលត្រូវបានរឹបអូសនោះ មានប្រហែល ៤១៦លានដុល្លារសិង្ហបុរី ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ហើយ ១ពាន់លានដុល្លារសិង្ហបុរី ត្រូវរក្សាទុកដោយរដ្ឋ ខណ:ចំនួនទឹកប្រាក់នៅសេសសល់ផ្សេងទៀត នឹងត្រូវបន្តការស៊ើបអង្កេត ឬដំណើរការតុលាការ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយក្រុមកិច្ចការសកម្មភាពហិរញ្ញវត្ថុ ដែលជាស្ថាប័នទប់ស្កាត់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុពិភពលោក នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បាននិយាយថា ប្រទេសរបស់ខ្លួនប្តេជ្ញាធ្វើអ្វីដែលចាំបាច់បំផុតដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនេះ និងការពារកេរ្តិ៍ឈ្មោះសិង្ហបុរី ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលអាចទុកចិត្តបានបំផុត៕