ចាយទុនដំបូងត្រឹម ៧០០ដុល្លារ ស្រ្តីម្នាក់រកស៊ីលើអាជីវកម្មអនឡាញ រហូតក្លាយជាស្ត្រីមានជាងគេបំផុតរបស់រុស្ស៊ី

អន្តរជាតិ

ក្នុងឆ្នាំ២០០៤ លោកស្រី Tatyana Bakalchuk បានចំណាយប្រាក់ដំបូងត្រឹមតែ ៧០០ដុល្លារប៉ុណ្ណោះ ដើម្បីបង្កើតគេហទំព័រ Wildberries ដែលជាអាជីវកម្មអនឡាញចាប់ផ្តើមចេញពីផ្ទះល្វែងតូចមួយរបស់នាងនៅក្នុងទីក្រុងម៉ូស្គូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សព្វថ្ងៃនេះ Wildberries ត្រូវបានចាត់ទុកថាជាវេបសាយ Amazon របស់រុស្ស៊ី ដោយមានអ្នកលក់ទំនិញរាយតាមអនឡាញជាច្រើន កំពុងប្រើប្រាស់គេហទំព័រនេះ ខណ:នៅក្នុងឆ្នាំ២០២៣ កន្លងទៅ Wildberries អាចរកប្រាក់ចំណូលបានរហូតដល់ទៅ ៦ពាន់លានដុល្លារ និងធ្វើឲ្យ Bakalchuk ក្លាយជាស្ត្រីដែលមានជាងគេបំផុតក្នុងប្រទេសរុស្ស៊ី។

នៅមុនទទួលបានភាពជោគជ័យខ្លាំងបែបនេះ តើ Tatyana Bakalchuk មានប្រវត្តិបែបណាខ្លះ?

យោងតាមសារព័ត៌មាននិយាយពីសេដ្ឋី Bloomberg បានបង្ហាញឲ្យដឹងថា Bakalchuk បានកើតនៅតំបន់ Moscow Oblast ក្នុងឆ្នាំ១៩៧៥ ហើយបានចូលសិក្សានៅវិទ្យាស្ថានគរុកោសល្យរដ្ឋ Kolomna ។

ក្រោយបញ្ចប់ការសិក្សា Bakalchuk បានបម្រើការជា​សហគ្រិន​ផ្នែក​ព័ត៌មានវិទ្យា និងជាគ្រូបង្រៀនភាសាអង់គ្លេសផងដែរ រហូតដល់ឆ្នាំ២០០៤ នាងបានសម្រេចចិត្តបង្កើតវេបសាយហាងលក់ទំនិញអនឡាញមួយឈ្មោះថា Wildberries ។

Wildberries បានចាប់ផ្តើមដំបូងជាមួយនឹងការលក់សម្លៀកបំពាក់ដែលផ្គត់ផ្គង់ពីហាង Otto របស់ក្រុមហ៊ុនលក់រាយអាល្លឺម៉ង់។ អំឡុងពេលបើកក្រុមហ៊ុនដំបូងនោះ Bakalchuk បានប្រាប់ទៅកាន់សារព័ត៌មាន Bloomberg ថានាងក៏ធ្លាប់ធ្វើជាអ្នកដឹកជញ្ជូនទំនិញដោយខ្លួនឯងផ្ទាល់ ផងដែរ។

នៅពេលដែលអាជីវកម្មទទួលបានភាពរីកចម្រើន Bakalchuk បានចាប់ផ្តើមជួលបុគ្គលិកផ្នែកដឹកជញ្ជូន និងជួលកន្លែងដើម្បីរក្សាទុកទំនិញបន្ថែមទៀត។ រហូតដល់ឆ្នាំ២០០៦ ក្រុមហ៊ុន Wildberries ទទួលបានការវិនិយោគបន្ថែមពីក្រុមហ៊ុនធំៗក្នុងប្រទេសរុស្ស៊ី និងចាប់ផ្តើមបើកឲ្យដំណើរការក្នុងតំបន់អឺរ៉ុប ក្នុងឆ្នាំ២០២១ ដោយពង្រីកទៅកាន់ប្រទេសអាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងបារាំង ជាមួយនឹងការលក់ផលិតផលជាច្រើនរួមមានសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិច និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ។

ក្នុងឆ្នាំ២០២០ កាសែត The Bell បានរាយការណ៍ថាលោកស្រី Vladislav Bakalchuk អាចរកចំណូលបាន ៥លានដុល្លារពីការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនអនឡាញរបស់ខ្លួននេះ ដែលជាពេលធ្វើឲ្យ Bakalchuk ក្លាយជាមហាសេដ្ឋីស្ត្រីរុស្ស៊ីដំបូងគេដែលរកស៊ីចាប់ផ្តើមពីបាតដៃ​ទទេ​ផងដែរ។

ជម្រាបជូនផងដែរថា យោងតាមទស្សនាវដ្តី Forbes បានរាយការណ៍ថា Tatyana Bakalchuk បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ៧,៤ពាន់លានដុល្លារ។ ហើយបើទោះបីជាមានឋានៈជាមហាសេដ្ឋីក៏ដោយ តែ Bakalchuk មិនមានផ្ទះផ្ទាល់ខ្លួននោះទេ ដោយជ្រើសរើសយកការជួលផ្ទះគេនៅជំនួសវិញ៕