អតីតប្រធានាធិបតីហ្វីលីពីន និងកូនប្រុសពីរនាក់ គ្រោងឈរឈ្មោះក្នុងការបោះឆ្នោតសមាជិកព្រឹទ្ធសភា នៅឆ្នាំក្រោយ

អន្តរជាតិ

យោងតាមអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បាននិយាយកាលពីថ្ងៃអង្គារ ទី២៥ ខែមិថុនាកន្លងទៅថា អតីតប្រធានាធិបតី លោក Rodrigo Duterte និងកូនប្រុសពីរនាក់របស់លោក គ្រោងនឹងឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភារបស់ប្រទេស នៅឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Sara Duterte ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីហ្វីលីពីន និងជាកូនស្រីរបស់លោក Rodrigo Duterte បានប្រាប់អ្នកយកព័ត៌មានចំពោះគម្រោងប្រកួតប្រជែងការបោះឆ្នោតខាងលើនេះ គឺតិចជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកស្រី បានសម្រេចចិត្តការលាលែងពីតំណែងគណៈរដ្ឋមន្ត្រី ក្នុងជួររដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Ferdinand Marcos Jr។

គួរឲ្យដឹងផងដែរថា ការលាលែងពីតំណែងរបស់លោកស្រី Sara Duterte បានបញ្ជាក់ពីអ្វីដែលអ្នកសង្កេតការណ៍នយោបាយ ធ្លាប់បានព្យាករទុកថា សម្ព័ន្ធភាពរវាងក្រុមគ្រួសារទាំងពីរ ដែលបានជួយលោក Marcos និងលោកស្រី Sara ឲ្យឡើងកាន់អំណាចនៅឆ្នាំ២០២២ នោះ ច្បាស់ជាអាចនឹងត្រូវដួលរលំវិញ ដោយសារតែភាពខុសគ្នាលើការធ្វើនយោបាយ និងគោលនយោបាយផ្ទុយគ្នា។

បញ្ជាក់ផងដែរថា អាណត្តិប្រធានាធិបតីរបស់លោក Rodrigo Duterte បានបញ្ចប់ទៅនៅក្នុងឆ្នាំ២០២២។ កូនប្រុសច្បងរបស់លោក គឺលោក Paolo Duterte គឺបច្ចុប្បន្នជាសមាជិកសភា ខណៈកូនប្រុសម្នាក់ទៀតគឺលោក Sebastian Duterte ជាអភិបាលក្រុង Davao ដែលស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន។

ទន្ទឹមនឹងនេះ លោកស្រី Sara Duterte បានបញ្ជាក់ទៀតផងដែរថា ចំពោះលោក Sebastian Duterte ក៏គ្រោងនឹងឈរឈ្មោះប្រកួតប្រជែងសម្រាប់តំណែងជាប្រធានាធិបតីហ្វីលីពីន នៅឆ្នាំ២០២៨ ផងដែរ៕