ក្រុមហ៊ុនជប៉ុន AMIDA POWER Inc. និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចពិភាក្សាគ្នា ដើម្បីពិនិត្យលទ្ធភាពលើការដាក់ទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន និងវិស័យមួយចំនួនទៀតនៅកម្ពុជា។
កិច្ចពិភាក្សាខាងលើ ធ្វើឡើងរវាងលោក TSUKASA SAKURADAN អគ្គនាយកក្រុមហ៊ុន AMIDA POWER Inc. ជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យលទ្ធភាពលើការដាក់ទុនវិនិយោគរបស់ក្រុមហ៊ុន ក្រោយបានសិក្សាអំពីកាលានុវត្តភាព និងសក្តានុពលលើវិស័យមួយចំនួននៅកម្ពុជា រួមមានដូចជា រ៉ែ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ការស្តារលទ្ធភាពបឹងទន្លេសាប និងការចូលរួមអភិវឌ្ឍមូលធនមនុស្សផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ជំនួយដល់កម្ពុជាលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈ ជាពិសេសឆ្នាំ២០២៤នេះ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន មានលក្ខណៈពិសេសចំនួនពីរនោះគឺ ខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការការទូត និងការលើកកម្ពស់ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ឱ្យទៅជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាទំនាក់ទំនងខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងប្រទេសទាំងពីរ។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញរបាយការណ៍នៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយគិតពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញ សរុបជាទឹកប្រាក់ប្រហែល ១,០៦ពាន់លានដុល្លារ ទៅកាន់ប្រទេសជប៉ុន ថយចុះពីឆ្នាំមុន ០,៣% ខណៈការនាំចូលទំនិញពីជប៉ុន ថយចុះ ១៩,៣% មកនៅត្រឹម ៥៧៣លានដុល្លារប៉ុណ្ណោះ។
ដោយឡែក សម្រាប់ទំនិញដែលកម្ពុជានាំចេញទៅកាន់ប្រទេសជប៉ុនរួមមាន សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម ក្រដាស និងផលិតផលស្បែក ខណៈការនាំចូលពីជប៉ុនវិញ មានដូចជា គ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម ក្រណាត់ និងប្លាស្ទិក។
សូមជម្រាបដែរថា ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី០៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម និងប្រទេសថៃ៕ អត្ថបទ៖ រង្សី