គណបក្សកុម្ម៉ុយនីស្តចិន បណ្ដេញអតីតរដ្ឋមន្ត្រីការពារជាតិ ២រូប ជុំវិញករណីពុករលួយ

អន្តរជាតិ

កាលពីថ្ងៃទី២៧ ខែមិថុនា គណបក្សកុម្ម៉ុយនីស្តចិន បានបណ្ដេញសមាជិកបក្ស២រូប ជាអតីតរដ្ឋមន្ត្រីការពារជាតិ គឺលោក Li Shangfu និងលោក Wei Fenghe បន្ទាប់ពីរកឃើញថា ពួកគេបានប្រព្រឹត្តខុសពីច្បាប់បក្ស និងមានជាប់ពាក់ព័ន្ធអំពើពុករលួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក Li Shangfu

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា លោក Li ត្រូវបានសង្ស័យថា ទទួលបានសំណូកជាសាច់ប្រាក់ជាច្រើន និងមិនបានបំពេញភារកិច្ចរបស់ខ្លួន នៅក្នុងឆាកនយោបាយ ពោលគឺសំងំកើបផលប្រយោជន៍ផ្ទាល់ខ្លួនមួយមុខគត់។

ចំណែកឯលោក Wei វិញ គឺត្រូវបានស៊ើបអង្កេតកាលពីខែកញ្ញាឆ្នាំទៅ និងបានរកឃើញថា រូបលោកទទួលបានសំណូកជាលុយសុទ្ធ និងវត្ថុមានតម្លៃច្រើនទៀត ជាថ្នូរនឹងការផ្ដល់ផលប្រយោជន៍ផ្សេងៗ ទៅកាន់បុគ្គលមួយចំនួន។

លោក Wei Fenghe

ការសម្រេចចិត្តដកលោក Li និង Wei ចេញពីសមាជិកភាពបក្ស ត្រូវបានអនុម័តដោយការិយាល័យនយោបាយ ដែលមានសមាជិកប្រាំពីររូប កាន់អំណាចកំពូលនៃបក្សកុម្មុយនិស្ត ខណៈការិយាល័យនយោបាយ ក៏បានផ្ទេរសំណុំរឿងរបស់ពួកគេទាំងពីរ ទៅកាន់រដ្ឋអាជ្ញាយោធាផងដែរ។

ការសម្រេចចិត្តនេះ នឹងត្រូវបានបញ្ជាក់នៅពេលបើកកិច្ចប្រជុំពេញអង្គលើកទីបី របស់គណបក្សដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ រហូតដល់ថ្ងៃទី១៨ ខែកក្កដា នៅពេលដែលការដកចេញពីគណៈកម្មាធិការកណ្តាល នឹងត្រូវបានប្រកាសជាផ្លូវការ ស្របពេលអតីតរដ្ឋមន្ត្រីការបរទេស Qin Gang ត្រូវបានបណ្តេញចេញពីតំណែង នៅតែជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមដដែល៕