ក្នុងជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh មេដឹកនាំចិនបាននិយាយប្រាប់ចំៗ ទៅកាន់ភាគីម្ខាងទៀតថា ចិន និងវៀតណាមចាំបាច់ពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំជាងមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។
មេដឹកនាំកំពូលចិនបានបន្ថែមថា ប្រទេសចិន និងវៀតណាម គួរតែព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការ លើការធ្វើពាណិជ្ជកម្មទ្វេភាគី ហើយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ត្រូវដោះស្រាយបែបសន្តិវិធី។
សូមជម្រាបដែរថា ជំនួបរវាងមេដឹកនាំចិន និងវៀតណាម ធ្វើឡើងអំឡុងពេលនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើដំណើរទស្សនកិច្ចនៅចិន ដោយចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ធ្វើឡើងនៅទីក្រុង Dalian ក្នុងសប្ដាហ៍នេះ។
គួររំលឹកបន្តិចថា មួយរយៈចុងក្រោយនេះ វៀតណាមហាក់កំពុងក្លាយជាគោលដៅពេញនិយម សម្រាប់មេដឹកនាំពិភពលោកធំៗ តួយ៉ាងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បញ្ចប់ដំណើរទស្សនកិច្ចនៅទីនោះមិនបានប៉ុន្មានផង សហរដ្ឋអាមេរិកក៏បានអំពាវនាវឲ្យមានការរឹតចំណងមិត្តភាពជាមួយវៀតណាម ស្របពេលថ្មីៗនេះចិនក៏ចង់ក្រសោបវៀតណាម ជាដៃគូពាណិជ្ជកម្មសំខាន់មួយក្នុងតំបន់អាស៊ានថែមទៀត៕