ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ ដែលមានការចូលរួមពីបណ្តាសហគ្រាសធុនមីក្រូ តូច និងមធ្យម ទូទាំង២៥ រាជធានី-ខេត្ត អ្នកឧកញ៉ា ឧកញ៉ា រួមទាំងភ្ញៀវជាតិ អន្តរជាតិ សរុបប្រមាណ៥ពាន់នាក់។
លើកឡើងនៅក្នុងកម្មវិធីនេះ ឧកញ៉ា តែ តាំងប៉ បានថ្លែងអំណរគុណដល់ភ្ញៀវកិត្ដិយសទាំងអស់ដែលបានអញ្ជើញចូលរួមអបអរសាទរ និងលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា លេខាធិការដ្ឋាន នៃសមាគមមូលនិធិសម្ដេចតេជោ។
ឧកញ៉ា តែ តាំងប៉ បានបន្ដថា នេះជាលើកទី៣ហើយ ដែលសមាគមមូលនិធិសម្ដេចតេជោ បានរៀបចំកម្មវិធីពិសាភោជនាហារសាមគ្គី ហើយថ្ងៃនេះក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តធំទី៣ ដែលមិនធ្លាប់មាន និងដើម្បីចូលរួមអបអរសាទរដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ១៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្ដីពីការកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម» លើកទី១។
ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ បានឱ្យដឹងថា ការរៀបចំកម្មវិធីនេះគឺដើម្បីលើកកម្ពស់ និងគាំទ្រដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ដឹកនាំសម្របសម្រួលរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ជារៀងរាល់ឆ្នាំ។
ឧកញ៉ា តែ តាំងប៉ បានបន្ដថា គោលបំណង នៃការបង្កើតសមាគមមូលនិធិសម្តេចតេជោ ដើម្បីរួមចំណែកក្នុងការជួយអភិវឌ្ឍន៍ និងលើកស្ទួយ វិស័យសហគ្រាសធុនតូច និងមធ្យម តាមរយៈការរៀបចំកម្មវិធីសិក្ខាសាលា កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាព ការផ្គូរផ្គងអាជីវកម្ម ពង្រីក និងនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ។
ជាក់ស្តែងនៅក្នុងឆ្នាំ២០២២-២០២៣ កន្លងទៅសមាគមមូលនិធីសម្តេចតេជោ និង FASMEC បានរៀបចំសិក្ខាសាលានៅទូទាំង២៥ រាជធានីខេត្ត ដើម្បីផ្តល់នៅចំណេះដឹងទាក់ទងនិង ដំណើរការនៃការត្រៀមខ្លួន ក្នុងការធ្វើទីផ្សារក្នុងស្រុក និងការនាំចេញ ការចែករំលែកព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិរបស់ស្ថាប័នពាក់ព័ន្ធនានា ព័ត៌មានទាក់ទងនឹង ប្រាក់កម្ចី ធនាគារដៃគូ សេវាកម្ម និងក្រុមហ៊ុនដៃគូ និងជាពិសេសគឺដកស្រង់នូវបញ្ហាប្រឈមរបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលកើតឡើងក្នុងសហគ្រាសផ្ទាល់ ដែលសរុបអ្នកចូលរួមមានចំនួន៤,៥០០នាក់ ដែលកម្មវិធីអាចដំណើរការបានដោយមានការ សហការ ជាមួយ មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ និងមន្ទីរពាណិជ្ជកម្ម មន្ទីរការងារ មន្ទីរទេសចរណ៍ទាំង២៥ រាជធានី-ខេត្តក្រុង។
ក្រៅពីការងារជួយពង្រឹងសមត្ថភាព និងចំណេះដឹង ក្នុងការអភិវឌ្ឍដល់សហគ្រាសធុនតូច និងមធ្យម សមាគមមូលនិធិសម្តេចតេជោ បានចូលរួមចំណែកក្នុងការងារសង្គមសំខាន់ៗ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនដូចជា បានបរិច្ចាគ និងឧបត្ថម្ភជូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ នៅស្រុកកោះក្រឡ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងតាមបណ្ដាខេត្តមួយចំនួនទៀត ជាពិសេសបានចូលរួមជាមួយសាលារាជធានីភ្នំពេញ ដើម្បីទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត៕