ទើបទទួលបានគោរមងារ «អ្នកឧកញ៉ា» អ្នកឧកញ៉ា ឈួន ហាវ៉ុន ចូលរួមបរិច្ចាគថវិកា ១លានរៀល ដល់មូលនិធិអប់រំកុមារ

ជុំវិញ​ឧកញ៉ា សមាគមឧកញ៉ាកម្ពុជា

អ្នកឧកញ៉ា ឈួន ហាវ៉ុន ម្ចាស់ការ៉ាស់លក់រថយន្តលំដាប់ប្រណិតៗ Hawon Auto Car និង​ជា​សមាជិក​សមាគម​ឧកញ៉ាកម្ពុជា បាន​ចូលរួមបរិច្ចាគ​ថវិកាចំនួន ១លានរៀល (250$) ដល់ «មូលនិធិអប់រំកុមារ» ដើម្បីយកទៅ​ទិញកង់ សម្ភារៈសិក្សា និងអង្ករ ជូនដល់​ក្មួយៗសិស្សានុសិស្ស​នៅ «មណ្ឌលកុមារកំព្រាជ្រៃធំ» ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក យិន សំបូរ សហស្ថាបនិក «មូលនិធិអប់រំកុមារ» ​បាន​បង្ហាញ​សារ​ថ្លែង​អំណរគុណ​លើ​ទំព័រហ្វេសប៊ុក ​​នៅ​ថ្ងៃទី២៨ ខែមិថុនានេះ យ៉ាងដូច្នេះថា៖ “តាងនាមក្រុមការងារ «មូលនិធិអប់រំកុមារ» ខ្ញុំបាទ សូមគោរពអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា ឈួន ហាវ៉ុន Hawon Chhuon និងក្រុមគ្រួសារ ដែលមានសទ្ធាជ្រះថ្លា ចូលរួមថវិកាចំនួន ១លានរៀល (250$) ដើម្បីយកទៅទិញកង់ សម្ភារៈសិក្សា និងអង្ករ ជូនក្មួយៗសិស្សា​នុសិស្ស នៅ «មណ្ឌលកុមារកំព្រាជ្រៃធំ» ស្ថិតនៅ ភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ សូមគោរពជូនពរ អ្នកឧកញ៉ា និងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យ​គ្រប់ភារកិច្ច​ទាំងពួង និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។

ឧកញ៉ា ឈួន ហាវ៉ុន សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ត្រូវបាន​ព្រះករុណាព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់​បង្គាប់ផ្តល់​គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា ក្រុមការងារ​មូលនិធិអប់រំកុមារ នឹងនាំយកអំណោយសប្បុរសធម៌របស់មូនិធិអប់រំកុមារ ជូន មណ្ឌល​កុមារកំព្រាជ្រៃធំ ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ដែល​អំណោយ​ទាំង​អស់​នោះ ​រួមមាន កង់​ចំនួន ៩គ្រឿង, កាតាប សៀវភៅ ខ្មៅដៃ ជ័រលុប ចំនួន ៥០ឈុត អង្ករ​ចំនួន ៨បាវ ​ត្រីខ​ ចំនួន ២កេស និង​មីកញ្ចប់​ចំនួន ១កេសធំ៕