អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ត្រៀមបើកវេទិកាធុរកិច្ចបារាំងកម្ពុជាឆ្នាំ២០២៤ នៅស្ថានទូតបារាំង នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។
បើយោងតាមស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានឱ្យដឹងថា សន្និសីទសារព័ត៌មាននេះ ធ្វើឡើងស្ដីពីវេទិកាធុរកិច្ចបារាំង-កម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា។
លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននេះ អ្នកឧកញ៉ា គិត ម៉េង បានជម្រាបជូនអំពីទំនាក់ទំនង ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អប្រសើរ វាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ ដែលតែងតែសហការរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរៀផងដែរ។
ជាមួយគ្នានោះ អ្នកឧកញ៉ា ក៏បានឱ្យដឹងថា បច្ចុប្បន្ន បារាំងជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំទីពីរ របស់កម្ពុជា បន្ទាប់ពីប្រទេសអាល្លឺម៉ង់ ខណៈទំហំពាណិជ្ជកម្មរវាងបារាំង និងកម្ពុជា ឈានដល់១៣៦៣លានអឺរ៉ូ ក្នុងឆ្នាំ ២០២៣។
ស្របជាមួយគ្នានេះ អ្នកឧកញ៉ា ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មកម្ពុជានឹងបន្តសហការក្នុងការជំរុញ ពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺថែរក្សាវិនិយោគិនដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីៗ បន្ថែមទៀតលើគ្រប់វិស័យ។
សូមជម្រាបជូនថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) នឹងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ។ វេទិកាធុរកិច្ចនេះធ្វើឡើងក្រោមកិច្ចសហការជាមួយគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំងប្រចាំនៅកម្ពុជា(CCEF) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) ជាមួយការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា សហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF) និងសមាគមឧកញ៉ាកម្ពុជា។
វេទិកាធុរកិច្ចនេះ ផ្តោតលើវិស័យសំខាន់ៗ រួមមាន៖ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាឌីជីថល សុខាភិបាល ថាមពល ការរៀបចំទីក្រុង ទេសចរណ៍ ភស្តុភារ និងដឹកជញ្ជូន កសិកម្ម និងកសិ-ម្ហូបអាហារ ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន។។
វេទិកានេះ ផ្តល់ឱកាសពិសេស ដល់ក្រុមហ៊ុន ក៏ដូចជាអ្នកដែលមានចំណាប់អារម្មណ៍ លើការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីស្វែងរកកាលានុវត្តភាពនៅកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា។ វេទិកានេះ ក៏នឹងជួយបង្កើតទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ អ្នកសម្រេចចិត្តផ្នែកនយោបាយ និងអ្នកជំនាញ ក្នុងស្រុកផងដែរ៕