យោងតាមរបាយការណ៍របស់ធនាគារឯកជនស្វីស Julius Baer បានបង្ហាញឲ្យដឹងថា សិង្ហបុរី នៅតែរក្សាបាននូវចំណាត់ថ្នាក់ជាទីក្រុងដែលមានការចំណាយលើការរស់នៅថ្លៃបំផុត សម្រាប់មហាសេដ្ឋី នៅក្នុងឆ្នាំ២០២៤ នេះ ដោយផ្នែកលើកត្តាមួយចំនួន ដូចជាតម្លៃអចលនទ្រព្យខ្ពស់កប់ពពក ការចំណាយច្រើនលើសលប់លើសិទ្ធិជាម្ចាស់រថយន្ត និងសេវាថែទាំសុខភាពឯកជនថ្លៃៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
នៅក្នុងរបាយការណ៍ Global Wealth and Lifestyle Report របស់ធនាគារ Julius Baer ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនាកន្លងទៅ បានបង្ហាញឲ្យដឹងទៀតថា ចំណាត់ថ្នាក់នេះ ក៏ផ្នែកទៅលើការចំណាយសម្រាប់ការរស់នៅបែបស៊ីវីល័យបំផុត រួមមានរថយន្ត ស្រាថ្លៃៗ គ្រឿងអលង្ការ និងលំនៅដ្ឋានដែលកំពុងមានការកើនឡើងក្នុងប្រទេសសិង្ហបុរី ក្នុងចំណោមទីក្រុងចំនួន ២៥ ជុំវិញពិភពលោក។
រដ្ឋាភិបាលសិង្ហបុរី បានខិតខំធ្វើឲ្យប្រទេសរបស់ខ្លួនមានភាពទាក់ទាញសម្រាប់អាជីវកម្មកម្រិតពិភពលោក និងអ្នកមានទ្រព្យសម្បត្តិច្រើន រួមទាំងរូបិយប័ណ្ណនៅតែមានភាពរឹងមាំខ្លាំង ដែលកត្តាទាំងអស់នេះហើយ ទើបធ្វើឲ្យសិង្ហបុរីនៅតែបន្តក្លាយជាទីក្រុងមានការចំណាយថ្លៃជាងគេបំផុតរបស់ពិភពលោក។
គួរឲ្យដឹងថា តម្លៃនៃការចំណាយលើការកាន់កាប់រថយន្ត នៅក្នុងប្រទេសសិង្ហបុរី បានកើនឡើង ១៥% បើធៀបនឹងឆ្នាំមុន ខណ:តម្លៃនៃការអប់រំឯកជន បានកើនឡើងជិត ១៤% ស្របពេលតម្លៃកាបូប និងស្បែកជើងរបស់ស្ត្រី កើនឡើង ១០% តម្លៃអាវ និងនាឡិកាបុរសបានកើនឡើងជាង ៥% ។
ជម្របជូនផងដែរថា ទីក្រុងហុងកុង ជាប់ចំណាត់ថ្នាក់លេខ២ តាមពីក្រោយសិង្ហបុរី ខណ:ទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស ដំណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្នុងនាមជាទីក្រុងមានការចំណាយថ្លៃជាងគេបំផុតរបស់ពិភពលោក៕