ក្រុមហ៊ុនវិនិយោគ Berkshire Hathaway របស់មហាសេដ្ឋីអាមេរិក លោក Warren Buffett បានបន្តកាត់បន្ថយភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលរបស់ចិន BYD បន្ថែមទៀត ជាមួយនឹងការលក់ភាគហ៊ុនពីរដងរួចមកហើយ នៅក្នុងខែនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Asia Financial ។
យោងតាមឯកសារផ្លូវការមួយដែលបានដាក់ជូនទៅកាន់ទីផ្សារហ៊ុនហុងកុងកាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងដោយលោក Buffett បានបន្តកាត់បន្ថយភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុន BYD មកនៅត្រឹម ៥,៩៩% ប៉ុណ្ណោះ សម្រាប់ការលក់លើកចុងក្រោយកាលពីថ្ងៃទី១៩ ខែមិថុនា បើធៀបទៅនឹងចំនួន ៧,០២% គិតត្រឹមថ្ងៃទី១១ ខែមិថុនានេះ។
គួរឲ្យដឹងថា រហូតមកទល់ពេលនេះ ការកាន់កាប់ភាគហ៊ុនរបស់ Berkshire បានធ្លាក់ចុះជាង ៧០% រួចមកហើយ គិតចាប់តាំងពីពួកគេបានចាប់ផ្តើមកាត់បន្ថយភាគហ៊ុនរបស់ខ្លួនជាលើកដំបូង នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន ក្នុងខែសីហា ឆ្នាំ២០២២ មក។
ជម្រាបជូនផងដែរថា ការលក់ភាគហ៊ុនជាបន្តបន្ទាប់របស់លោក Buffett នៅ BYD បានកើតឡើងនៅចំពេលមានការកើនឡើងនូវការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ កាលពីឆ្នាំមុន មហាសេដ្ឋីរូបនេះបានសម្តែងការព្រួយបារម្ភខ្លាំងអំពីទំនាក់ទំនងទ្វេភាគីកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ហើយថែមទាំងបានបង្ហាញពីហានិភ័យចំពោះការវិនិយោគដែលអាចកើតមានឡើង ផងដែរ៕