លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំង ជាសមាជិកនៃក្រុមប្រឹក្សាភិបាល​សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ជុំវិញ​ឧកញ៉ា សមាគមឧកញ៉ាកម្ពុជា

សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅ​​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បាន​ចេញ​​សេចក្តីសម្រេច​កំណត់​​សមាសភាព​ក្រុមប្រឹក្សាភិបាល​សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ​ដែល​ក្នុង​នោះ លោកអ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​​ប្រធាន​សម្របសម្រួល​​ក្រុមការងារ​ទាំង​១៦ ផ្នែកឯកជន ​ត្រូវ​បាន​តែងតាំង​ជា សមាជិក​នៃក្រុមប្រឹក្សា​ភិបាល តំណាង​មក​ពី​ផ្នែកឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​សមាសភាព​​​ក្រុមប្រឹក្សាភិបាល​សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្នុង​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ ១២៤ សសរ ​​ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ គឺមាន​សមាសភាព​តំណាង​មកពី​ផ្នែក​សាធារណៈ​ចំនួន ៨​រូប ក្នុង​នោះ​មាន ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ជា​ប្រធាន ខណៈ​ដែល​សមាសភាព​​តំណាង​មក​ពី​ផ្នែក​ឯកជន​​​មាន​ចំនួន ៧​រូប ជា​សមាជិក។

សូមជម្រាបថា ក្រុមប្រឹក្សាភិបាល​សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មាន​តួនាទីដូចជា៖ ១.សិក្សា​ទីផ្សារ​និងផ្សព្វផ្សាយ​វិស័យទេសចរណ៍​ទៅកាន់​ទីផ្សារ​អន្តរជាតិ, ២.ចូលរួមប្រឹក្សាយោបល់​លើការ​រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​និង​ទាក់ទាញ​ទេសចរណ៍កម្ពុជា និង​ចូលរួម​អនុវត្តផែនការ, ៣.ពង្រឹង​ការ​ចូលរួម​គាំទ្រ​ពី​ប្រភពនានា ពិសេស​ពីផ្នែក​ឯកជន​លើការងារ​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស, ៤.ចូលរួម​ប្រឹក្សារៀបចំផែនការ​សកម្មភាព​អនុវត្តយុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​កម្ពុជា, ៥.សម្របសម្រួល​ការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ដែល​ធ្វើឡើង​ដោយផ្នែកឯកជន​និងផ្នែកសាធារណៈ និង ៦.អនុវត្ត​សកម្មភាព​ផ្សេងៗ​តាម​ការ​ចាំបាច់ ដើម្បី​បំពេញ​រាល់​តួនាទី​និង​ភារកិច្ច​ផ្សេងៗ​ទៀត​តាមការ​ប្រគល់​ជូន​របស់​រាជរដ្ឋាភិបាល៕