លោក គួច ចំរើន នឹងចូលកាន់មុខតំណែងជា «អភិបាលខេត្តកណ្តាល» ជាផ្លូវការ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ស្អែកនេះ ខណៈដែលពិធីប្រកាសចូលកាន់តំណែងនេះ នឹងប្រារព្វធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តកណ្តាល។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ។
លោក គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ (ខ្ពស់ផុតលេខ) ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្ទេរនិងតែងតាំងមុខតំណែង ពីអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មកជា អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ រីឯលោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល ត្រូវបានតែងតាំងមុខតំណែងថ្មីជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោក គួច ចំរើន កើតនៅទឹកដីស្រុកជីក្រែង ខេត្តសៀមរាប លោកជាកូនទី៤ ក្នុងចំណោមបងប្អូន ៥នាក់ មានលោកឪពុកនាម គួច ណាំហេង និងអ្នកម្ដាយនាម សុខ ឈាង។ ក្រោយថ្ងៃរំដោះ ថ្ងៃទី៧មករា ឆ្នាំ១៩៧៩ កុមារា គួច ចំរើន បានចូលរៀនថ្នាក់ដំបូងក្រោមផ្ទះមួយ នៅភូមិត្រាចថ្មី ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប និងបន្តរហូតដល់ចប់ចំណេះដឹងទូទៅ នៅសាលា ១០មករា ខេត្តសៀមរាប ក្នុងខែមិថុនា ឆ្នាំ១៩៨៩។
នៅឆ្នាំ១៩៩០ លោក គួច ចំរើន បានចូលសិក្សានៅមហាវិទ្យាល័យបច្ចេកទេសកងទ័ពវៀតណាម។ ក្រោយមកនៅខែមីនា ឆ្នាំ១៩៩៣ លោកបានបន្ដសិក្សានៅមហាវិទ្យាល័យនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ដោយបានបញ្ចប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៩៧។ នៅខែតុលា ឆ្នាំ២០០៤ លោកបានចូលសិក្សានៅសាកលវិទ្យាល័យនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ដោយទទួលបានបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧។
រីឯប្រវត្តិការងារ លោក គួច ចំរើន បានបំពេញការងារជាបុគ្គលិកចាត់តាំងនៅសាលាខណ្ឌចំការមន ពីឆ្នាំ១៩៩៣ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ និងជាអភិបាលរងខណ្ឌចំការមន ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៤, ចាប់ពីខែកក្កដា ឆ្នាំ២០០៤ ជាអភិបាលខណ្ឌមានជ័យ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤, ចាប់ពីខែឧសភា ឆ្នាំ២០១៤ ជាអភិបាលខណ្ឌដូនពេញ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦, ចាប់ពីខែធ្នូ ឆ្នាំ២០១៦ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧, ចាប់ពីខែមិថុនា ឆ្នាំ២០១៧ ជាអភិបាលខេត្តកំពង់ចាម ដល់ខែមិថុនា ឆ្នាំ២០១៩ និងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដល់បច្ចុប្បន្ន និងត្រៀមចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ចាប់ពីខែកក្កដា ឆ្នាំ២០២៤ នេះតទៅ៕