អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន កាលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ច អនុវត្តសម្របសម្រួលក្រុមការងារទាំង ១៦ ផ្នែកឯកជន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយចាត់តាំង អ្នកឧកញ៉ា លឹម ហេង ជាប្រធាន។
សមាសភាពក្រុមការងារចំពោះកិច្ច អនុវត្តសម្របសម្រួលក្រុមការងារទាំង ១៦ ផ្នែកឯកជន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សរុបមានចំនួន ៩រូប រួមមាន៖ អ្នកឧកញ៉ា លឹម ហេង ជាប្រធាន, ឧកញ៉ា សុខ ពិសិដ្ឋ, ឧកញ៉ា តាន់ មុនីវណ្ណ, ឧកញ៉ា គួច ផេង, ឧកញ៉ា លឹម សុជាតិ ជាអនុប្រធាន, ឧកញ៉ា ណាង សុធី, ឧកញ៉ា ងួន ម៉េងតិច និងលោកជំទាវឧកញ៉ា នួន ពេជ្រសុផល ជាសមាជិក ព្រមទាំងមាន លោក កែវ វាសនា ជាលេខាធិការ។
សូមជម្រាបថា សមាសភាពក្នុងសេចក្តីសម្រេចនេះ មានតួនាទីសំខាន់ក្នុងការសម្របសម្រួលសម្រាប់គ្រប់ក្រុមការងារទាំង១៦ផ្នែកឯកជន និងបង្កភាពងាយស្រួលដល់ការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ សម្របសម្រួលបជាមួយ ភាគីរាជរដ្ឋាភិបាលពាក់ព័ន្ធសំខាន់ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងគោបំណងធ្វើយ៉ាងណាសម្រួលដោះស្រាយ បញ្ហាប្រឈមនានា ដល់សកម្មភាព ពាណិជ្ជកម្ម អាជីវកម្ម ធុរកិច្ច វិនិយោគ ជាតិ-អន្តរជាតិ នៅកម្ពុជា៕