អ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំក្រុមការងារនៃសមាគមសិល្បករខ្មែរ ចូលរួមក្នុងពិធីបុណ្យឈាបនកិច្ច សពលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នា​ល្ងាច​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បាន​ដឹកនាំ​ក្រុមការងារនៃសមាគមសិល្បករខ្មែរ អញ្ជើញចូលរួមក្នុងពិធីបុណ្យឈាបនកិច្ចសព​លោកព្រឹទ្ធាចារ្យ​កោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននាភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបរិយាកាសដ៏ក្រៀមក្រំនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានសម្តែងនូវមនោសញ្ចេតនា​អាឡោះ​អាល័យ និងក្តីសង្វេគជាពន្លឹកជាមួយលោកយាយ តាត់ ឆេន ព្រមទាំងក្រុមគ្រួសារនៃសព​របស់លោកតា​ព្រឹទ្ធាចារ្យ​កោសល្យវោហារ គង់ ណៃ ព្រោះមរណភាពរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូនចៅគ្រប់ៗគ្នា។ ម្យ៉ាងទៀត មរណភាពលោកព្រឹទ្ធាចារ្យកោសល្យវោហារ ក៏ជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកប​ដោយសមត្ថភាព ទេពកោសល្យ ដែលបានលះបង់ពេញមួយជីវិតក្នុងការលើកកម្ពស់វិស័យសិល្បៈ​វប្បធម៌ជាតិ​រហូតល្បីសុះសាយពាសពេញសកលលោក។

ជាថ្មីម្ដងទៀត លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ​បំផុតនេះ​ជាមួយលោកស្រី តាត់ ឆេន ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ​របស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ សូមបានទៅសោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះដែរ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ក៏បាននាំយកបច្ច័យផ្ទាល់ខ្លួន និងពី​សមាគមសិល្បករខ្មែរសរុបចំនួន ៤ លានរៀល ដើម្បីចូលចាប់មគ្គផលជាមួយនឹងក្រុមគ្រួសារលោកយាយ តាត់ ឆេន និងកូនចៅ។ លោកជំទាវក៏សូមថ្លែងអំណរគុណដល់សប្បុរសជនជិតឆ្ងាយ ដែលបាន និងកំពុងចូលរួមជា​បច្ច័យ​តាមរយៈសមាគមក្ដី និងតាមរយៈលោកជំទាវក្ដីក្នុងការចូលរួមគាំពារ​ដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ។ សមាគមសិល្បករខ្មែរ និងលោកជំទាវផ្ទាល់ នៅតែបន្តទទួលបច្ច័យពីសប្បុរសជន ទោះតិច ឬច្រើនក្ដី ដើម្បីបូក​សរុបជូនដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យរហូតដល់ថ្ងៃបុណ្យគម្រប់៧ថ្ងៃខាងមុខ។

បន្ទាប់មក លោកជំទាវអ្នកឧកញ៉ាប្រធាន បានចូលរួមនមសិកាចម្រើនព្រះបរិត្ត និងស្ដាប់ព្រះធម៌ទេសនា ជាមួយ​លោកតា លោកយាយ ពុទ្ធបរិស័ទ ដែលបានចូលរួមក្នុងពិធីបុណ្យឈាបនកិច្ចសព​លោកព្រឹទ្ធាចារ្យកោសល្យ​វោហារ គង់ ណៃ មរតកមនុស្សរស់ផងដែរ។

សូមជម្រាបថា លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពនៅថ្ងៃសុក្រ ៧រោច ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២:៤៥នាទីរសៀល ក្នុង​ជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ៕